ដោយៈប.ខុន/ភ្នំពេញៈទំនប់អាងទឹកស្ទឹងជីនិតមានបរិមាណទឹកកើនឡើងបានដល់៨០ភាគរយនៃស្ថានភាពដើមវិញហើយ បន្ទាប់ពីក្រសួងធនធានទឹកនិងឧតុនិយមបានធ្វើការទប់ទំនប់បង្ហៀរ១មករា(អាងស្ទឹងជីនិត)ជាប់វិញជាស្ថាពរកាលពីថ្ងៃទី១៨វិច្ឆិកា ក្រោយពីទំនប់នេះត្រូវទឹកហូរច្រោះដាច់កាលពីថ្ងៃទី១២ខែវិច្ឆិកា។

លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមដែលជាប្រធានក្រុមមុខព្រួញចុះខេត្តកំពង់ធំ រួមជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ នៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០២២បានចុះពិនិត្យមើលស្ថានភាពទឹកនៅអាងទឹកស្ទឹងជីនិត ក្រោយពេលដែលទំនប់អាងទឹកត្រូវបានទប់បិទភ្ជាប់ឡើងវិញកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ឃើញស្ថានភាពជាក់ស្តែងទឹកក្នុងអាងបានកើនឡើងប្រហែល៨០ភាគរយនៃស្ថានភាពដើមវិញហើយ។

រូបថត: លោកប៊ុន ហ៊ាន ពិនិត្យមើលទំនប់អាងស្ទឹងជីនិតក្រោយពេលជួសជុលរួច ទំនប់អាងស្ទឹងជីនិតក្រោយពេលជួសជុលរួច

លោករដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរសកម្ពុជាដឹងនៅថ្ងៃទី១៥ខែធ្នូថាការរក្សាទឹកទុកត្រឹម៨០ភាគរយនៃបរិមាណដើមនៅទំនប់អាងស្ទឹងជីនិតនេះអនុវត្តតាមលក្ខណៈបច្ចេកទេសទំនប់ថ្មីនិងក្នុងគោលបំណងធានាទឹកសម្រាប់ការស្រោចស្រពស្រូវប្រាំងខាងមុខ និងបន្តការងារជួសជុលកែលម្អឡើងវិញ នូវសំណង់ដែលចាស់ទ្រុឌទ្រោមនិងទំនប់អាងទឹកឡើងវិញ ត្រូវការពេលវេលាប្រហែលពីរឆ្នាំទើបធ្វើរួចរាល់។ ទំនប់បង្ហៀរ១មករានៃអាងស្ទឹងជីនិតនេះបានបាក់កាលពីថ្ងៃទី១២ខែវិច្ឆិកាដោយភ្លាមៗនោះលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យនិងដឹក នាំបញ្ជាផ្ទាល់ឲ្យក្រុមការងារជួសជុលទំនប់អាងទឹកខាងលើដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ច្រើនគ្រឿងធ្វើការជួសជុលយ៉ាងណាឱ្យទំនប់នេះជាប់ឡើងវិញក្នុង រយៈពេលខ្លីដើម្បីរក្សាទឹកទុកក្នុងអាងស្ទឹងជីនិតឲ្យបានបរិមាណ៤០លានម៉ែត្រគូបដូចដើមវិញ ។

ទំនប់អាងស្ទឹងជីនិតជាប្រភេទ សំណង់ចាស់តាំង ពី ជំនាន់ ប៉ុលពត ហើយ ត្រូវ បានជួសជុល និង កែលម្អសម្រាប់ ប្រើ ប្រាស់ ឡើង វិញ នៅឆ្នាំ២០០៤មានប្រវែង ៧៥០ម៉ែត្រ បានដឹកនាំធ្វើការជួសជុលម្តងទៀតនៅរដូវប្រាំងឆ្នាំ ២០២០ ដោយលោកចាន់ ស៊ីណាត ដែលកាលនោះគាត់នៅជាអនុរដ្ឋលេខាធិការបានធ្វើលើផ្នែកតួទំនប់បង្ហៀរមួយកំណាត់ដើម្បីឱ្យប្រើប្រាស់បានជាបណ្តើរៗដោយ រងចាំការ ធ្វើ ទំនើបកម្ម លើ ប្រព័ន្ធ ធារាសាស្ត្រ ស្ទឹង ជីនិត ដែល កំពុង ស្ថិត នៅ ក្នុង តំណាក់កាល ដេញ ថ្លៃ និង ឈាន ទៅ អនុវត្ត ក្នុង ពេល ឆាប់ៗ ខាង មុខ នេះ ក្រោម ហិរញ្ញ ប្បទាន ពី IAIP-ADB ។ទំនប់បង្ហៀរ១មករាត្រូវទឹកហូរច្រោះបាក់ដាច់អស់ប្រវែង៥០ម៉ែត្រ ចម្រៅ៤ម៉ែត្រ នៅក្នុងភូមិសាស្ត្រឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងពេលលែងមានទឹកជំនន់ ៕srn/R

រូបថត: លោកប៊ុន ហ៊ាន ពិនិត្យមើលទំនប់អាងស្ទឹងជីនិតក្រោយពេលជួសជុលរួច ទំនប់អាងស្ទឹងជីនិតក្រោយពេលជួសជុលរួច