ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ក្រសួងការបរទេសរុស្ស៊ីបានព្រមានថាបើសិនជាសហរដ្ឋអាម៉េរិកបញ្ជាក់ថាជាការពិតរបាយការណ៍ដែលថាខ្លួនមានផែនការបញ្ជូនប្រព័ន្ធកាំជ្រួចការពារដែនអាកាសទំនើបអោយអ៊ុយក្រែន នោះវានឹងជាការបង្ករឿងមួយទៀតដោយអាម៉េរិកដែលអាចនាំអោយមានចម្លើយតបពីរដ្ឋាភិបាលទីក្រុងមូស្គូ។
អ្នកនាំពាក្យក្រសួងលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា( Maria Zakharova )បាននិយាយក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ថា «អាម៉េរិកបានក្លាយជាគូភាគីដ៏មានប្រសិទ្ធភាពមួយ»ចំពោះជម្លោះនៅអ៊ុយក្រែនក្រោយពីមានសេចក្តីរាយការណ៍ថា ខ្លួននឹងផ្តល់អោយអ៊ុយក្រែននូវកាំជ្រួចធុនភែតធ្រៀត(Patriot) ដែលជាសព្វាវុធទំនើបបំផុតដែលលោកខាងលិចជួយដល់អ៊ុយក្រែនដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។
អ្នកនាំពាក្យក្រសួងលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា
លោកស្រី ហ្សាខារ៉ូវ៉ា បានបន្ថែមថា ជំនួយយោធាអាម៉េរិកកាន់តែច្រើនឡើង រួមទាំងការបញ្ជូនសព្វាវុធទំនើបដូច្នេះ «នឹងមានន័យថាជាការចូលរួមពាក់ព័ន្ធរបស់បុគ្គលិកយោធាកាន់តែធំទៅនៅក្នុងជម្លោះនេះហើយអាចនាំមកផលវិបាក»។
ពួកមន្ត្រីអាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនប្រុងអនុម័តបញ្ជូនប្រព័ន្ធកាំជ្រួចPatriotទៅកាន់អ៊ុយក្រែន ក្រោយក្រុមមេដឹកនាំអ៊ុយក្រែនទទូចសុំវាជាបន្ទាន់ដើម្បីបាញ់ទម្លាក់កាំជ្រួចរុស្ស៊ីដែលហោះចូលមក។ការអនុម័តជាផ្លូវការមួយត្រូវរំពឹងថានឹងប្រកាសឡើងក្នុងពេលឆាប់ៗ។
Patriotមួយកងទាមទារទាហានដល់ទៅ៩០នាក់ដើម្បីដំណើរការនិងថែទាំងវា ។អស់ពេលជាច្រើនខែមកហើយអាម៉េរិកស្ទាក់ស្ទើរក្នុងការផ្តល់ប្រព័ន្ធកាំជ្រួចស្ទាក់កំទេចនេះ ដោយសារតែវានឹងបញ្ជូនទ័ពចូលអ៊ុយក្រែនដើម្បីដំណើរការនិងគ្រប់គ្រងវា។
សូម្បីតែមុនលេចចេញរបាយការណ៍នេះ ក៏អតីតប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រី ម៉េតវ៉េដេវ ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានព្រមានថាបើPatriotsចូលក្នុងប្រទេសអ៊ុយក្រែន «ជាមួយបុគ្គលិកយោធារបស់ណាតូ វានឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់ភ្លាមរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង»។
កាលពីថ្ងៃពុធ នៅពេលត្រូវបានសួរថាតើរដ្ឋាភិបាលទីក្រុងមូស្គូគាំទ្រការគំរាមនេះទេ អ្នកនាំពាក្យវិមានក្រឹមឡាំងបានឆ្លើយតបថា«បាទ ពិតហើយ»តែលោកមិនធ្វើអត្ថាធិប្បាយយ៉ាងណាទេរង់ចាំអាម៉េរិកប្រកាសផ្លូវការសិន៕
មេដឹកនាំសេតវិមាននិងមន្ទីរបញ្ចកោណបាននិយាយថា ការផ្តល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែនជាអាទិភាពមួយ និងកាំជ្រួចPatriotកំពុងស្ថិតក្នុងការពិចារណា