ដោយៈ សុក្ខារិន / ពោធិ៍សាត់៖ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលទើបឡើងកាន់តំណែងថ្មី និងលោកស្រី និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា និងអភិបាលក្រុង ស្រុក បានធ្វើពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ពីលោកឧកញ៉ាឃ្លាំងមឿង និងលោកជំទាវ ខាន់ខៀវ ដើម្បីបន្តដឹកនាំ គ្រប់គ្រង ថែរក្សា និងបម្រើប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ឲ្យសម្បូររុងរឿង ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
ពិធីនេះ បានដំណើរការទៅ តាមគន្លងព្រះពុទ្ធសាសនាផង និងព្រហ្មញ្ញសាសនាផង ដោយមានរៀបចំរណ្ដាប់ ប្រដាប់ប្រដាសែនព្រេន មានជ្រូកខ្វៃ បង្អែម ផ្លែឈើ ភេសជ្ជៈ ផ្កាភ្ញី និងបារី ម្លូ ស្លា ជាដើម។
លោក ខូយ រីដា និងលោកស្រី បានអុជទៀនធូប បន់ស្រន់ដល់អ្នកមានបារមីពូកែស័ក្កិសិទ្ធ មកពីគ្រប់ទិសទី និងបានបំពាក់កម្រងផ្កា ព្រមទាំងស្រោចទឹកប្រោះព្រំ លើរណ្ដៅផ្នូរឧកញ៉ា ឃ្លាំងមឿង និងជំទាវ ខាន់ខៀវ ក្នុងន័យសុំសេចក្ដីសុខសេចក្ដីចម្រើន ត្រជាក់ត្រជុំ កើតស្រូវកើតអង្ករ ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។
លោកអភិបាលនៃ គណៈអភិបាលខេត្ត ក៍បានបួងសួងសុំឲ្យបារមី ឧកញ៉ា ឃ្លាំងមឿង និងជំទាវ ខាន់ខៀវ តាមជួយថែរក្សា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ឲ្យបម្រើការងារជូនរាជរដ្ឋាភិបាល ប្រកបដោយជោគជ័យ ប្រកបមុខរបរបង្កបង្កើនផល ទទួលបានផលច្រើន និងចៀសផុតពី ជំងឺកាចសាហាវផ្សេងៗ។
ម្យ៉ាងវិញទៀត សូមបារមីតាមជួយថែរក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញ បេសកកម្ម ទៅចូលរួមកិច្ចប្រជុំថ្នាក់កំពូលលើពិភពលោក ទទួលបានជោគជ័យ ជូនជាតិមាតុភូមិ និងពិភពលោកទាំងមូលផងដែរ។
សូមបញ្ជាក់ថា ឧកញ៉ាឃ្លាំងមឿង លោកជំទាវខាន់ខៀវ និងក្រុមគ្រួសារ បានលោតចូលក្នុងរណ្ដៅចម្រូងសម្លាប់ខ្លួន ក្នុងការធ្វើសង្គ្រាមជាមួយទាហានសៀម កាលពីសម័យលង្វែក ដើម្បីការពារទឹកដី និងប្រជាជនរបស់ខ្លួន។
រូបរាងកាយរបស់លោកផុតរលត់ ក៍ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពពូកែស័ក្កិសិទ្ធ បានដក់ជាប់ក្នុងអារម្មណ៍ របស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៍ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស គ្រប់ជំនាន់តរៀងមក។
ដូច្នេះហើយ ទើបបានជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត តែងធ្វើពិធីឡើងរោង ជូនឧកញ៉ាឃ្លាំងមឿង និងជំទាវ ខាន់ខៀវ មិនដែលខាន ដើម្បីរំលឹកនូវគំរូវីរភាព ដ៏អង់អាចក្លាហាន ដល់មនុស្សជំនាន់ក្រោយផង សុំសេចក្ដីសុខសេចក្ដីចម្រើនផង និងបួងសួងសុំទឹកភ្លៀងសម្រាប់ការងារបង្កបង្កើនផល របស់ប្រជាកសិករផង។
បូជនីយដ្ឋានរបស់លោកឧកញ៉ាឃ្លាំងមឿងនិងលោកជំទាវ ខាន់ខៀវ គឺជាបូជនីយដ្ឋានប្រវត្តិសាស្ត្រមួយ ដែលមានទីតាំងស្ថិតនៅឃុំស្នាមព្រះ ស្រុកបាកាន និងមានចម្ងាយប្រមាណ ៦.០០០ ម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ។ ជារៀងរាល់ថ្ងៃ មានប្រជាពលរដ្ឋក្នុងខេត្ត ក៍ដូចជា អ្នកធ្វើដំណើរឆ្លងកាត់ គ្រប់លំដាប់ថ្នាក់ តែងចូលបួងសួង សុំសេចក្ដីសុខសេចក្ដីចំរើន ពីបារមីលោកឧកញ៉ា ឃ្លាំងមឿងនិងលោកជំទាវ ខាន់ខៀវ ស្ទើរតែគ្រប់ៗគ្នាដោយមានជំនឿ៕/V-PC