ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជាក់ថាៈ សមត្ថភាពកីឡាករ មន្រ្តីបច្ចេកទេស មិនមានបញ្ហានោះទេ។ ប៉ុន្តែ កង្វះក្រុមជាងគ្រឿងម៉ាស៊ីន គឺជាបញ្ហាប្រឈមធំសម្រាប់សហព័ន្ធ ក្នុងការប្រជែងមេដាយ ក្នុងការប្រកួតកីឡាម៉ូតូទឹក ជើងឯកពិភពលោក ជុំចុងក្រោយ (Jet Ski World Series) ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ និងអាចបន្តប្រឈម រហូតដល់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ណុះ ស្លេះ បានបន្ថែមទៀតថាៈការប្រកួតកម្រិតអន្តរជាតិនេះ គឺមានសារសំខាន់ខ្លាំង សម្រាប់សហព័ន្ធ ក្នុងការដុសខាត់ សមត្ថភាពអត្តពលិក មន្រ្តីបច្ចេកទេស ជាពិសេសពង្រឹង លើការរៀបចំ ដើម្បីស្ទាបស្ទង់ និងដកបទពិសោធន៍ ពីចំណុចខ្វះខាត យកមកសិក្សាស្វែងយល់ រកចំណុចខ្លាំង លើគ្រប់ផ្នែក ឱ្យបានរួចរាល់ និងល្អប្រសើរ។

លោកប្រធានសហព័ន្ធ បានបន្តថាៈ ចំណុចមួយទៀត ក៏សំខាន់ដែរ គឺក្រុមកម្ពុជា មិនមានក្រុមជាងជំនាញ សម្រាប់ជួសជុលម៉ូតូទឹកនោះទេ។ នេះជាបញ្ហាដែលកីឡាករ មិនអាចប្រកួតបាន។ យើងដណ្តើមមេដាយបាន ប្រសិនបើម៉ូតូទឹកមិនខូច។ បើម៉ូតូទឹកខូច ត្រូវមានក្រុមជាងជំនាញជួសជុលច្បាស់លាស់ ហើយក្រុមជាងនោះ មិនមែនមកពីប្រទេស ក្នុងតំបន់អាស៊ានទេ គឺត្រូវស្វែងរក មកពីតំបន់ផ្សេងៗ ដូចជា អឺរ៉ុបសហរដ្ឋអាមេរិក ឬក៏មកពីតំបន់ផ្សេងទៀត។

លោក បានបន្ថែមទៀតថាៈ ជាក់ស្តែង ២ថ្ងៃនេះ កីឡាករ មីន ម៉ូស្តាន់ និង សាលី ហ្វីលីន មានបញ្ហាបច្ចេកទេស ធ្វើឱ្យការប្រកួត មិនទទួលបានលទ្ធផលល្អ ដោយប្រកួតបានតែ ៤ ទៅ ៥ ជុំ ម៉ាស៊ីនមានបញ្ហាតែម្តង។ ចំណុចនេះ ជាក្តីបារម្ភរបស់សហព័ន្ធ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គមេ លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានអះអាងថាៈ ការប្រកួតកម្រិតអន្តរជាតិនេះ ទោះបីមានបញ្ហាប្រឈមក្តី ក៏លោកជឿជាក់ថា កីឡាករកម្ពុជាយើង នឹងធ្វើបានល្អ ដូចជាកីឡាករ សាលី អូម៉ើត, មីន ម៉ូស្តាន់, កៃ វ៉ាន់ស៊ីដែន និងកីឡាករវ័យក្មេង តាន់ ទិត្យឬទ្ធី ក៏បានចូលរួមប្រកួតដកស្រង់បទពិសោធន៍ និងបន្សាំខ្លួន ជាមួយកីឡាករអន្តរជាតិខ្លាំងៗ ជាង ៦០ ប្រទេស មកពី ៣ ទ្វីប លើពិភពលោក។

ការប្រកួតកីឡាម៉ូតូទឹក ជើងឯកពិភពលោក (Jet Ski World Series) ជុំចុងក្រោយ ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ មានអត្តពលិកជាង ២.០០០ នាក់ មកពី ៦៥ ប្រទេសចូលរួម ។ ដោយឡែក កម្ពុជា បានបញ្ជូនកីឡាករ ៧រូប និងមន្រ្តីបច្ចេកទេស ៨រូប ចូលរួម និងប្រតិភូដឹកនាំដោយលោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា៕/V-PC