ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក ខេស៊ី បាណេត អនុប្រធាន សហព័ន្ធកីឡាចំបាប់
កម្ពុជា ទទួលបន្ទុកប្រធានក្រុមការងាររៀបចំការប្រកួត កីឡាចំបាប់ជើងឯក អាស៊ីអាគ្នេយ៍បានដាក់ក្តីសង្ឃឹមខ្ពស់ លើអត្តពលិកកីឡាចំបាប់កម្ពុជា នឹងអាចឈ្នះមេដាយ ១០ គ្រឿងឬលើសពី ១០ គ្រឿង សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯក អាស៊ីអាគ្នេយ៍ នៅកម្ពុជា ដែលនឹងដំណើរការពីថ្ងៃទី១៦ ធ្នូនេះ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំបច្ចេកទេស នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ លោកខេស៊ី បាណេត បានលើកឡើងថាៈ កីឡាករកីឡាការិនីចំបាប់ ដែលចូលរួមប្រកួតនេះ មកពី ៧ ប្រទេស គឺម្ចាស់ផ្ទះ កម្ពុជា វៀតណាម ឡាវ ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន សរុប ១១៥ នាក់។ បើប្រៀបធៀបនឹងចំនួនអត្តពលិកចូលរួម ក្នុងស៊ីហ្គេមលើកទី៣១ កាលពីខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម គឺជើងឯកអាស៊ីអាគ្នេយ៍នេះ មានចំនួនអត្តពលិកច្រើនជាង ដោយសារម្ចាស់ផ្ទះកម្ពុជាបានរៀបចំ គ្រប់ប្រភេទទម្ងន់ រហូតដល់ ៣០ ប្រភេទ លើ ៣ ផ្នែកផ្សេងគ្នា គឺក្រិចកូរ៉ូម៉ាំងចំបាប់សេរីបុរស និងនារី ដែលប្រភេទនីមួយៗមាន ១០ ប្រភេទទម្ងន់ ឬ១០វិញ្ញាសាដូចគ្នា។

សម្រាប់ព្រឹត្តិការណ៍នេះ កីឡាករ កីឡាការិនីច្រើនជាងគេ គឺម្ចាស់ផ្ទះកម្ពុជា មានកីឡាករ ១៨ នាក់ និងកីឡាការិនី ៨នាក់ បន្ទាប់មកវៀតណាម ដែលមានធនធានឆ្នើមៗ លើប្រភេទកីឡាចំបាប់ ដែលធ្លាប់ដណ្តើមបានមេដាយមាស ច្រើនជាងគេ កាលពីវៀតណាមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១។

កម្ពុជា បានឈ្នះមេដាយស៊ីហ្គេម ២០២២ សរុប ៦គ្រឿង មាន មាស១ ប្រាក់១ និងសំរឹទ្ធ៤។ កម្ពុជា រំពឹងថា នឹងដណ្តើមបានមេដាយច្រើន ក្នុងនាមជាម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍នេះ។ កម្ពុជា សង្ឃឹមថាយ៉ាងហោចណាស់ ក៏ក្រុមជម្រើសជាតិកម្ពុជាឈ្នះមេដាយមាស ៣គ្រឿង និងប្រាក់ សំរឹទ្ធសរុបលើសពី ១០ គ្រឿង។

អនុប្រធានសហព័ន្ធ កីឡាចំបាប់កម្ពុជា រូបនេះបានសង្កត់ធ្ងន់ថាៈ មេដាយសរុប ១០គ្រឿង
របស់កម្ពុជា ដែលធ្លាប់ដណ្តើមបាន កាលពីស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ គឺជាចំនួនមេដាយច្រើនជាងគេ។ ប្រសិនបើ កម្ពុជាអាចឈ្នះច្រើនជាង ១០គ្រឿង ក្នុងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ក្នុងនាមជាម្ចាស់ផ្ទះ គឺជាចំនួនមេដាយ ច្រើនជាង ពេលណាទាំងអស់ ក្នុងប្រវត្តិសាស្ត្រ ប្រកួតអន្តរជាតិ កម្រិតអាស៊ីអាគ្នេយ៍ កន្លងមក។

តាមរយៈការខិតខំបោះជំរំ ហ្វឹកហាត់អន្តរជាតិនៅកម្ពុជា យើងនឹងឆ្ពោះទៅប្រជែងបានមេដាយច្រើន ក្នុងពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាមួយនឹងក្តីសង្ឃឹមមេដាយ សរុបចំនួន ១០គ្រឿង ឬអាចលើសពី ១០គ្រឿង ដើម្បីបង្ហាញមោទនភាពជាតិ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

ក្នុងដំណើរត្រៀមខ្លួន ស៊ីហ្គេម ២០២៣ នេះ កម្ពុជា ក៏មានធនធានមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមរបស់ខ្លួន ក្រោមការគាំទ្រពីសហព័ន្ធកីឡាចំបាប់ពិភពលោក (UWW) តាមរយៈវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលចៅក្រម គ្រូបង្វឹក និងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី៧-១៩ ខែធ្នូ ឆ្នាំ២០២២ ជាលើកដំបូង នៅកម្ពុជា ផងដែរ៕/V-PC