ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាលចំបាប់កម្រិតអន្តរជាតិ ដែលមានរយៈពេល ៤ថ្ងៃ ពីថ្ងៃទី១២ ដល់ ១៥ ធ្នូនោះ បានបញ្ចប់ហើយ។

អាជ្ញាកណ្ដាលចំបាប់កម្ពុជា ៥រូប រួមមាន លោក នុត សេរីរដ្ឋ, លោក យឹង សុផាន់ណារ៉ា, លោក នង គ្រឹះស្នា, លោក ជា រតនៈ និងលោក ផុន សុភាច បានឆ្លងកាត់ដំណាក់កាល សិក្សាផ្នែកទ្រឹស្ដី ដោយជោគជ័យ ក្នុងវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាលអន្ដរជាតិ ដែលរៀបចំដោយ គណៈកម្មាធិការជាតិ CAMSOC និង NOCC សហការជាមួយ សហព័ន្ធកីឡាចំបាប់អន្ដរជាតិ ដោយរង់ចាំមើលលទ្ធផល នៃការអនុវត្តជាក់ស្ដែង ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដើម្បីមានឱកាសក្លាយជា អាជ្ញាកណ្ដាលអន្ដរជាតិ។

វគ្គបណ្ដុះបណ្ដាល មានរយៈពេល ៤ថ្ងៃនេះ មានសិក្ខាកាម ចូលរួម ១៩រូប មកពី ៨ ប្រទេស គឺមានអាជ្ញាកណ្ដាលកម្ពុជា ស្រីលង្ការ ហ្វីលីពីន ឥណ្ឌូណេស៊ី ឡាវ អ៊ីរ៉ាក់ ឥណ្ឌា និងកូរ៉េខាងត្បូង។

សម្រាប់អាជ្ញាកណ្ដាលកម្ពុជា ៥រូប ខាងលើ គឺមាន ២ នាក់ ជាអាជ្ញាកណ្ដាលអន្ដរជាតិ ដែលធ្លាប់ចូលរួមកាត់សេចក្ដី ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលពីថ្មីៗនេះ គឺមានរូបលោក និងលោក យឹង សុផាន់ណារ៉ា ខណៈ ៣ រូបទៀត ទើបចូលរួមលើកដំបូង តែក៏មានសមត្ថភាពខ្ពស់ទៀតផង។

សម្រាប់វគ្គនេះ អាជ្ញាកណ្ដាលរបស់កម្ពុជា បានរៀន និងធ្វើតេស្ដ ដោយបានប្រឡងជាប់ការសិក្សាផ្នែកទ្រឹស្ដី និងទទួលបានសញ្ញាបត្ររួចហើយ នៅឡើយការអនុវត្តជាក់ស្ដែង ក្នុងការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៦ នេះ ដល់ ១៨ ខែធ្នូ ហើយបើអាជ្ញាកណ្ដាលរបស់យើង ធ្វើបានល្អទៀត សហព័ន្ធកីឡាចំបាប់អន្ដរជាតិ នឹងផ្ដល់លិខិតបញ្ជាក់ទទួលស្គាល់ ជាសមាជិកអាជ្ញាកណ្ដាលអន្ដរជាតិ ជាផ្លូវការតែម្ដង ដើម្បីមានឱកាសចូលរួមការប្រកួតអន្ដរជាតិផ្សេងៗ។

កម្ពុជា បានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដោយមានប្រតិភូ អាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប ១៩១ នាក់ ចូលរួម។ ប៉ុន្ដែមុនឈានដល់ការប្រកួតសហព័ន្ធអន្ដរជាតិ សហការជាមួយម្ចាស់ផ្ទះកម្ពុជា ពិសេសគណៈកម្មាធិការជាតិ CAMSOC, NOCC និងសហព័ន្ធកីឡាចំបាប់កម្ពុជា បានរៀបចំនូវវគ្គបណ្ដុះបណ្ដាល មន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល ចៅក្រមអន្ដរជាតិ ជាច្រើនវគ្គ មុនចូលរួមកាត់សេចក្ដី ក៏ដូចជា ការអនុវត្តជាក់ស្ដែង ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ៕/V-PC