ឆ្នាំជូត
រាសីល្អជាមធ្យម។បើទោះបីធ្វើអ្វីក៏ដោយក្នុងថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នពីព្រោះធ្វើអ្វីៗពុំសូវសម្រេច និង មានឧបសគ្គរារាំងមុខច្រើន។ក្នុងថ្ងៃនេះបើទោះបីប្រកបការងារអ្វីក៏ដោយ ចូរកុំគប្បីមានការធ្វេសប្រហែសឱ្យសោះពិសេសកិច្ចការងារថ្មីៗពីព្រោះងាយជះផលអាក្រក់យូរអង្វែងទៅគ្រាខាងមុខ ។អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីឃើញថាមិនអាចដំណើរការបានល្អឬទទួលជោគជ័យដូចគាប់បំណងនោះឡើយ។លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើម និងមានការរីកលូតលាស់ជាងនេះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើននិងបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕
ឆ្នាំថោះ
រាសីស្រុតចុះ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតបញ្ហាណាមួយដោយសារអ្នកដទៃបង្កឡើងឬសូម្បីតែរោគជំងឺបៀតបៀនយាយី។នៅថ្ងៃនេះមានបញ្ហារាំងស្ទះខ្លះៗយាយី ហេតុនេះបើមានការប្រឹងប្រែងតែងទទួលជោគជ័យត្រឡប់មកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានច្រើន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែម ហើយក៏ងាយកើតរឿងរាវទាស់ទែង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។លោកអ្នកទទួលរងផលលំបាកបន្តិច ពិសេសបញ្ហាប្រាក់កាស ត្រូវរែកពន់ច្រើន ហើយបើមានជំពាក់អ្នកដទៃផង អាចទទួលរងគេទារមុខក្រោយថែមទៀត។ការប្រកបការងារលោកអ្នកនៅទទួលរងប៉ះទង្គិចជាមួយក្រុមមនុស្ស និង ធ្វើកិច្ចការងារអាចត្រូវគេចោទប្រកាន់អ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ។
រីឯបញ្ហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចគាប់បំណង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរទេ ហេតុនេះបើចង់ធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នៅមានចំពោះមុខច្រើន។ក្នុងរយៈពេលនេះចំពោះបុគ្គលិក កម្មករ មិនត្រូវបង្កឈ្លោះប្រកែកជាមួយចៅហ្វាយនាយ ឬ ថៅកែឡើយពុំនោះនឹងអាចបាត់បង់តួនាទី និងកន្លែងធ្វើការជាក់ជាពុំខាន ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនៅថ្ងៃនេះដែរជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។
សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួន និងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងឬបង្កឱ្យមានកំហុសណាមួយពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។ការប្រកបការងារមានភាពសុខកាយបន្តិចពិតមែន តែបញ្ហាផ្លូវចិត្តហាក់មិនសូវសុខប៉ុន្មានសោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវបង្កជម្លោះជាមួយមនុស្សភេទផ្ទុយគ្នាឡើយពីព្រោះថាងាយកើតជាបញ្ហាតូចតាចរីកជាធំណាស់។នៅថ្ងៃនេះបើទោះបីដួងរាសីបានត្រឹមកម្រិតមធ្យមពិតមែន ប៉ុន្តែបើលោកអ្នកចង់ប្រកបកិច្ចការសំខាន់អ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេ ព្រោះតែចំណូលតិចឯការចំណាយវិញគ្រប់សារពើ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតធូរស្បើយ៕
ឆ្នាំវក
រាសីស្រុតចុះ។ការរស់នៅក្នុងរង្វង់គ្រូសារទាំងស្វាមីភរិយាមើលមុខគ្នាមិនសូវចំប៉ុន្មានទេគឺតែងមានការពាក់មុខយក្ស និងប្រឆាំងគ្នា។បើថ្ងៃនេះលោកអ្នកធ្វើអ្វីមិនឱ្យតានតឹងអារម្មណ៍ខ្លាំងពេកឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតភ្លឺថ្លា ទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចទទួលផលសម្រេចតាមបំណងប្រាថ្នាសឹងទាំងអស់។ព្រោះតែដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារ ឬធ្វើពិធីអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលនោះ ដូច្នេះលោកអ្នកធ្វើអ្វីមួយពេញដៃពេញជើងគ្រាន់ជាទីកក់ក្តៅ ។ថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយ ផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់ និងទទួលរងសម្ពាធច្រើន ប៉ុន្តែយ៉ាងណាឆ្លងចូលមកដល់ថ្ងៃនេះ លោកអ្នកបានរួចផុតពីឧបទ្រពចោមរោម ហើយភាពចម្រើនលូតលាស់បានចូលមកវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីឬគិតធ្វើអ្វីតោងតែប្រយ័ត្នប្រយែងពីព្រោះថាងាយជួបនូវបញ្ហាលំបាកនិងគ្រោះចាញ់បោកគេជាងសព្វមួយដង។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នការបំពេញការងារ និង បញ្ហាប្រាក់កាសពីព្រោះងាយកើតមានរឿងរាវល្អក់កករច្រើនផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគួរសមឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួនផ្អែមល្ហែម ជួនត្រូវពាក់មុខយក្សដាក់គ្នាអញ្ចឹងដែរ៕