ដោយ: សុខុម / ស្ទឹងត្រែង: ក្រុមអាជីវករ លក់ដូរសំលៀកបំពាក់ គ្រឿងអលង្ការ សាច់ជ្រូក សាច់គោ ក្នុងផ្សារសាមគ្គី ខេត្តស្ទឹងត្រែង បានត្អូញត្អែរពីការលក់ដូរ ពុំសូវមានមនុស្ស ចូលទិញ។ ស្ថានភាពស្ងប់ស្ងាត់នេះ បានកើតឡើង នៅក្នុងពេលជំងឺកូវីដ-១៩ រាតត្បាត និងបានធូរស្រាលទៅវិញ នៅតែមិនមានភាពអ៊ូអរនៅឡើយ។

អាជីវករខ្លះ បានលើកឡើងថាៈ កសិផលកសិកម្ម ដែលកសិករផលិតបានផល ទូទាត់ទៅលើ ថ្លៃចំណាយ ដូចជាការទិញថ្នាំបាញ់ស្មៅ បានផលពីផ្សារស្ទឹងត្រែង មិនមានតុល្យភាព ទៅនឹងការចំណាយ។ ពេលបានផលហើយ លក់មិនចេញទៀត។ អ្នករស់នៅតាមជនបទ ពុំសូវមកទិញទំនិញ នៅក្នុងផ្សារនេះ គឺជាការដោះដូរ ដែលមានការធ្លាក់ចុះ ផ្នែកសេដ្ឋកិច្ចមួយ។

លោកស្រី ជា មុយជឺ អ្នកលក់ដូរសំលៀកបំពាក់គ្រប់មុខ ក្នុងផ្សារសាមគ្គី ខេត្តស្ទឹងត្រែង បាននិយាយរៀបរាប់ ប្រាប់ឱ្យដឹងថាៈ ការលក់ដូរសំលៀកបំពាក់របស់គាត់ គឺមិនដាច់ ទាល់តែសោះ។ ថ្ងៃខ្លះ ស្ទើរតែមិនបានប្រាក់ចំណូលទៀតផង។

អាជីវករម្នាក់ទៀត បានលើកឡើង ពីការលក់ដូរមិនជុំគ្នា នៅក្នុងផ្សារធំ។ អ្នកលក់ដូរ នៅក្នុងផ្សារធំ មួយចំនួន នាំគ្នាទៅប្រជ្រៀតលក់ នៅតាមខាងក្រៅ ដែលមានភាពអ៊ូអរ មានអ្នកខ្លះ លក់តាមចិញ្ចើមផ្លូវ។ វាគឺជាមូលហេតុ ដែលធ្វើឲ្យអ្នកនៅក្នុងផ្សារធំ គឺផ្សារសាមគ្គី មានសភាពស្ងប់ស្ងាត់។

លោកស្រី ផន សុផាន់នី អ្នកលក់សាច់គោ ក្នុងផ្សារសាមគ្គី ក៏បាននិយាយរៀបរាប់ ឲ្យដឹង ផងដែរថាៈ អ្នកលក់មួយចំនួនធំ នាំគ្នាទៅលក់ខាងក្រៅ អស់ហើយ។ ហេតុនេះហើយ ទើបអ្នកមានតូប ក្នុងផ្សារ លក់មិនដាច់។

លោក ចាន់ គឹមឈុន ប្រធានស្នាក់ការផ្សារសាមគ្គី ខេត្តស្ទឹងត្រែង បាននិយាយថាៈ អាជីវករ ផ្សារមួយចំនួន បង្ករបញ្ហាលក់ដូរ តាមចិញ្ចើមផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈក្រុង។ អ្នកមានតូបក្នុងផ្សារ ពិតជាបាននាំគ្នាទៅលក់នៅខាងក្រៅ ទើបធ្វើឲ្យការរៀបចំ សណ្ដាប់ធ្នាប់របស់ អាជ្ញាធរ ជួបការលំបាក។

សូមបញ្ជាក់ថា ផ្សារនៅខេត្តស្ទឹងត្រែង មានបីកន្លែងផ្សេងគ្នា គឺផ្សារសាមគ្គី ស្ទឹងត្រែង ផ្សារអូរឫស្សី និងផ្សារគីឡូ ២៕/V-PC