ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹងបន្ថែម ស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូថាៈ សីតុណ្ហភាពអប្បបរមា អាចនឹងចុះដល់រង្វង់ពី ១៥ ដល់ ១៦ អង្សាសេ សម្រាប់បណ្តាខេត្ត នៅតំបន់ភ្នំ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ នៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និង ខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះ ដល់រង្វង់ពី ១៥ ទៅ ១៦ អង្សាសេ។

សម្រាប់ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះ ដល់រង្វង់ពី ១៧ ទៅ ១៨ អង្សាសេ។

ចំពោះរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះ ដល់រង្វង់ ២០ អង្សាសេ ។

នៅក្នុងអំឡុងពេលនេះដែរ គេសង្កេតឃើញថាៈ សីតុណ្ហភាពអប្បបរមា នៅពេលថ្ងៃ អាចមានពី ២៦ ដល់ ២៩ អង្សាសេ។ បន្ទាប់ពីថ្ងៃទី២១ ខែធ្នូ សីតុណ្ហភាព អាចនឹងកើនឡើងពី ២ ទៅ ៣ អង្សាសេវិញ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាល សម្រាប់ពីថ្ងៃទី១៤ ដល់ ២០ ខែធ្នូថាៈ ប្រទេសកម្ពុជា ទទួលរងឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន ក្នុងកម្រិតពីបង្គូរទៅខ្លាំង ធ្វើឱ្យសីតុណ្ហភាពអប្បបរមា អាចចុះត្រជាក់ ដល់ក្នុងរង្វង់ពី ១៦ ទៅ ១៩ អង្សាសេ  នៅតំបន់ខ្លះ នៃខេត្តមួយចំនួន។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ១៨ ទៅ ២២ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ ។ សីតុណ្ណភាពអប្បបរមា អាចចុះត្រជាក់ ដល់ក្នុងរង្វង់ពី ១៦ ទៅ ១៩ អង្សាសេ នៅខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ១៦ ទៅ ១៩ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ២៨ ទៅ ៣០ អង្សាសេ។ សីតុណ្ណភាពអប្បបរមា អាចចុះត្រជាក់ ដល់ក្នុងរង្វង់ ពី ១៦ ទៅ ១៨ អង្សាសេ នៅខេត្តខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ១៩ ទៅ ២១ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ សីតុណ្ណភាពអប្បបរមា អាចចុះត្រជាក់ ក្នុងរង្វង់ពី ១៨ ទៅ ២០ អង្សាសេ។ នៅលើផ្ទៃសមុទ្រអាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

នៅក្នុងសេចក្តីជូនដំណឹង បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន ព្រមទាំងប្រជានេសាទ សូមបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព ចំពោះស្ថានភាពចុះត្រជាក់នេះ ៕ V / N