ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ បារាំងនឹងប៉ះអាហ្សង់ទីន ហើយកាយលៀន អឹមបាហ្វេនឹងប្រយុទ្ធតតាំងជាមួយលីអូនែល ម៉េសស៊ី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រវើលខាប់រវាងគីឡូធ្ងន់ទាំងពីរ បន្ទាប់ពីបារាំងបានផ្តួលម៉ារ៉ុក២-០កាលពីថ្ងៃពុធ។
ក្រុមការពារតំណែងជើងឯកបារាំងកំពុងស្ថិតលើវិថីឆ្ពោះទៅរកការក្លាយជាក្រុមរក្សាតំណែងជើងឯកបានដំបូងគេក្នុងរយៈពេល៦០ឆ្នាំ ដោយសារតែគ្រាប់បាល់ពីកីឡាករ ថេអូ ហឺណង់ដេស និង រ៉ាន់ដាល់ កូឡូ មូអានី នៅកីឡដ្ឋាន Al Bayt។
ម៉ារ៉ុក ដែលជាក្រុមអាហ្វ្រិកដំបូងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវើលខាប់ បានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លាឆ្លងការការប្រកួតវើលខាប់ជាច្រើនប្រកួតមកនេះហើយត្រូវបានជំរុញទឹកចិត្តដោយអ្នកគាំទ្ររបស់ខ្លួន ដែលចូលទស្សនាសឹងណែនកីឡដ្ឋាន។ ប៉ុន្តែការស៊ុតប៊ិះចូលទីរបស់កីឡាករ អាហ្សហ្សេឌីន អូណាហ៊ី (Azzedine Ounahi) នៅនាទីចុងក្រោយដែលទាត់ចេញពីខ្សែបន្ទាត់ទាន់ពេលដោយខ្សែការពារ ចូល ឃុនដេ (Jules Kounde) គឺជាឱកាសល្អបំផុតរបស់ម៉ារ៉ុក។
បារាំងឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី៤ក្នុងវើលខាប់៧លើកចុងក្រោយ ហើយប្រសិនបើពួកគេឈ្នះនៅកីឡដ្ឋាន Lusail នៅថ្ងៃអាទិត្យ ពួកគេនឹងក្លាយជាក្រុមដំបូងគេចាប់តាំងពីប្រេស៊ីលក្នុងឆ្នាំ១៩៦២ ដែលអាចរក្សាតំណែងជើងឯក។
ពួកគេត្រូវបានស្វាគមន៍ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដោយប្រធានាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង ដែលហោះមកកាតាកាលពីថ្ងៃពុធដើម្បីទស្សនាការប្រកួត។
គ្រូបង្វឹកបារាំងដ៏រីករាយ លោក ឌីឌីយ៉េ ដេសំ បាននិយាយថា “វាមានអារម្មណ៍រំជើបរំជួល និង មោទនភាព។ ពិតណាស់ វាជាជំហានសំខាន់មួយទៀតនៅថ្ងៃនេះ និងឥឡូវនឹងមានជំហានមួយទៀត”។
“យើងបាននៅជាមួយគ្នាមួយខែ។ វាមិនងាយស្រួលទេ ប៉ុន្តែវាជាក្តីរីករាយណាស់រហូតមកទល់ពេលនេះ ហើយកីឡាកររបស់ខ្ញុំកំពុងទទួលរង្វាន់តបស្នងវិញ”។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវចាត់ទុកជាសមរភូមិរវាងម៉េសស៊ី និង មិត្តរួមក្រុម PSG របស់គាត់ គឺ អឹមបាហ្វេ។
ត្បិតមិនបានស៊ុតចូល តែអឹមបាហ្វេបានជួយឱ្យមានគ្រាប់បាល់ទាំងពីរនោះកាលពីថ្ងៃពុធ ហើយបានបង្កើតគ្រាប់បាល់ទីពីរជាមួយការញាក់ចូលតំបន់គ្រោះថ្នាក់ ហើយស៊ុតផ្លាតទៅរកកីឡាករកូឡូ មូអានី ដែលគ្មានអ្នកចាប់ រួចក៏ស៊ុតទះផ្លាចូលទីងាយៗ។
ចំណែកអាហ្សង់ទីនវិញនឹងសម្លឹងរកចំណុចខ្សោយនៅតំបន់ការពាររបស់បារាំង ខណៈម៉េសស៊ីនិងជូលៀន អាល់វ៉ារេស (Julian Alvarez) ដែលស៊ុតចូលទីក្រូអាស៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងសម្លឹងកេងចំណេញលើចំណុចខ្សោយរបស់បារាំង៕
ម៉េសស៊ីនិងអឹមបាហ្វេនឹងប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រវើលខាប់នៅកាតានៅថ្ងៃអាទិត្យ
ក្រុមអាហ្សង់ទីនកំពុងហ្វឹកហាត់និងភ័យអរមិនដឹងដណ្តើមតំណែងជើងឯបានដែរឬអត់