ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចំនួន ២០ រូប មកពីអន្តរក្រសួង ស្ថាប័ន ចូលរួមពិធីបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Segment) នៃសន្និសីទកំពូលរដ្ឋជាភាគី លើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះ (UNCBD COP-15)។

កិច្ចប្រជុំនេះដែរ បានប្រារព្វធ្វើឡើង ក្រោមប្រធានបទ “ការលើកកម្ពស់និរន្តរភាព ប្រព័ន្ធអេកូ ឡូស៊ី៖ ការកសាងអនាគតរួមគ្នា សម្រាប់ជីវិតទាំងអស់ នៅលើផែនដី” នៅទីក្រុងម៉ុងរ៉េអាល ប្រទេសកាណាដា។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះដែរ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក Huang Runqiu រដ្ឋមន្រ្តីអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធាន UNCBD COP-15 និងមានការចូលរួមពី បណ្តាថ្នាក់ដឹកនាំនៃប្រទេស ជាសមាជិកទាំង ១៩៣ និងអ្នកពាក់ព័ន្ធ សរុបប្រមាណជា ១៨.០០០ នាក់។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីធានាបាននូវ ការគាំទ្រកម្រិតនយោបាយ ពីបណ្តារដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ នៅលើពិភពលោក លើការរៀបចំ និងអនុម័តក្របខណ្ឌ ការងារជីវៈចម្រុះ សកល ក្រោយឆ្នាំ២០២០ (Post-2020 GBF) និងសេចក្តីសម្រេចនានា របស់សន្និសីទ UNCBD COP-15 និងពិធីសារពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចបាន តាមរបៀបវារៈឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០ ស្តីពី “ការរស់នៅដោយសុខដុមរម្យនា ជាមួយធម្មជាតិ”៕/V-PC