ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងទេសចរណ៍ បានធ្វើការប៉ាន់ស្មាន នៅក្នុងរបាយការណ៍ របស់ខ្លួនថាៈ នៅក្នុងឆ្នាំ២០២២ នេះ ខេត្តព្រះសីហនុ អាចទទួលបានភ្ញៀវទេសចរ បានប្រមាណជាង ៤,៨២ លាននាក់ ក្នុងនោះ ភ្ញៀវទេស ចរជាតិប្រមាណ ៤,៥ លាននាក់ និងភ្ញៀវអន្តរជាតិ ប្រមាណ ៣២ ម៉ឺននាក់ ។

របាយការណ៍នេះ បានធ្វើឡើង បន្ទាប់ពីមានភ្ញៀវ ប្រមាណជា ១,០២ លាន់នាក់ បានទៅលេងខេត្តព្រះសីហនុ ក្នុងរយៈពេល ៥ថ្ងៃ នៃអំឡុងបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រ ស្អាតដាច់គេ លើលោក ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ រួចមក។

តាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ ដែលបានបូកសរុប បន្ទាប់ពីចប់ពិធីបុណ្យ សមុទ្រ និងមហាសន្និបាតក្លិបឆ្នេរស្អាត ដាច់គេលើលោក រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញឱ្យឃើញថា មានភ្ញៀវទេសចរ សរុបប្រមាណជា ១,០២ លាននាក់ បានទៅលេងខេត្តព្រះសីហនុ។

នៅក្នុងរបាយការណ៍ បានសរសេរទៀតថាៈ ចាប់ពីថ្ងៃទី៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេសមុទ្រ ស្អាតដាច់គេលើ លោក ទទួលបានភ្ញៀវ សរុបប្រមាណ ៧១ ម៉ឺននាក់ និង សំរាប់ថ្ងៃទី១២ និងទី ១៣ ខែធ្នូ ដែលនៅបន្តកម្មវិធី មហាសន្និបាតក្លិបឆ្នេរសមុទ្រ ស្អាតដាច់គេលើលោក មានភ្ញៀវកើន បន្ថែមប្រមាណជា ៣១ ម៉ឺននាក់ទៀត នាំឱ្យចំនួនភ្ញៀងសរុប រយៈពេល ៥ ថ្ងៃនេះ កើនដល់ប្រមាណ ១,០២ លាននាក់។

របាយការណ៍ខាងលើ បានសរសេរទៀតថាៈ សភាពការណ៍ទូទៅ នៅក្នុងពិធីបុណ្យ សមុទ្រ លើកទី៩ ជុំទី៣ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតដាច់គេលើលោក មានភាពល្អប្រសើរ និងមិនមានបញ្ហាណាមួយ ចោទឡើងទេ ខណៈដែលប្រជាពលរដ្ឋ ដែលមកកម្សាន្ត ក្នុងពិធីបុណ្យ មានក្តីរីករាយ និងសាទរជាខ្លាំង ចំពោះការអភិវឌ្ឍ ក្រុងព្រះសីហនុ រួមជាមួយសមិទ្ធផលជាច្រើនទៀត ក្នុងការគិតគូរម៉ត់ចត់ និងគ្រប់ជ្រុង ជ្រោយរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី ជាប្រមុខ ។

ក្រសួងទេសចរណ៍ បានធ្វើការប៉ាន់ស្មានថាៈ នៅក្នុងឆ្នាំ២០២២ នេះ ខេត្តព្រះសីហនុ អាចទទួលបានភ្ញៀវទេសចរ ប្រមាណជាង ៤,៨២ លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ប្រមាណ ៤,៥ លាននាក់ និងភ្ញៀវអន្តរជាតិ ប្រមាណ ៣២ ម៉ឺននាក់៕ V / N