ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សត្វខ្ទីន ដែលមានឈ្មោះ ជាភាសាអង់គ្លេសថា Large Indian Civet និងឈ្មោះវិទ្យាសាស្រ្ត Viverra zibetha ជាប្រភេទសត្វកម្រ និងកំពុងទទួលការយកចិត្តទុកដាក់ អភិរក្សពីក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ។

បើតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ខ្ទីនជាសត្វស្ថិតនៅក្នុងអំបូរ សំពោច ដែលមានមាឌធំ ហើយអាចសម្គាល់លក្ខណៈពិសេសរបស់វា ដោយនៅត្រង់ ក មានឆ្នូតស-ខ្មៅធំៗ កន្ទុយមានបង្កង់ស-ខ្មៅ ពី ៦-៧ ។ ចាប់ពី ក ដល់ខ្នង មានរោមប្រែង ព័ណ៌ខ្មៅ-ស ជើងមុខ មានព័ណ៌ត្នោតចាស់ ប៉ុន្តែជើងក្រោយ មានព័ណ៌ត្នោតខ្ចី បបូរមាត់លើ និងក្នុងត្រចៀក មានព័ណ៌ស។

កូនទើបនឹងកើតភាគច្រើន មានសម្បុរខ្មៅ។ សត្វព្រៃប្រភេទនេះ ចូលចិត្តរស់នៅ តាមតំបន់ព្រៃល្បោះ ជាពិសេសព្រៃក្បែរភូមិករ។ វាជាសត្វដែលចេញរកស៊ី នៅពេលយប់ និងពេលថ្ងៃ ស្ថិតនៅក្នុងព្រៃគម្ពោត ដែលមានស្មៅក្រាស់ៗ ឬក្នុងរន្ធ។ ចំណីរបស់សត្វប្រភេទនេះ មានដូចជា ត្រី បក្សី ស៊ុត ថ្លែន បង្គួយ ពស់ កង្កែប កណ្តុរ ផ្លែឈើ ឫសឈើ ជាដើម។

ខ្ទីនមានរបាយនៅទូទាំងប្រទេសកម្ពុជា ក្នុងទីជម្រកសមស្រប។ ខ្ទីនត្រូវបានចាត់ថ្នាក់ ជាប្រភេទ ដោយបង្គួរនៅកម្ពុជា និងស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតទទួល រងគ្រោះថ្នាក់ (LC)៕/V-PC