ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣ (CAMSOC) បានបង្ហាញពីភាពជោគជ័យ នៃកិច្ចប្រជុំលើលិខិតអនុស្សរណៈ នៃការយោគយល់គ្នា រវាងគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) និងសហព័ន្ធកីឡាជនពិការ អាស៊ីអាគ្នេយ៍ (APSF) នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ ដោយថ្នាក់ដឹកនាំ សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) ពេញចិត្ត និងស្ងើចសរសើរចំពោះកម្ពុជា ដែលបានកំពុងត្រៀមខ្លួន ស្ទើររួចរាល់ទាំងស្រុង សម្រាប់ការធ្វើម្ចាស់ផ្ទះ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំ ជិត២ម៉ោង លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថាៈ លោកស្រី Wandee Tosuwan អគ្គលេខាធិការ APSF បានស្ងើចសរសើរកម្ពុជា យ៉ាងក្រៃលែង បន្ទាប់ពីបានជ្រាបផែនការ និងទិសដៅ ព្រមទាំងអ្វីដែលកម្ពុជា បានធ្វើ រួចរាល់ និងកំពុងដំណើរការ សម្រាប់ការតៀមខ្លួន ធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

លោកបានមានប្រសាសន៍ថាៈ យើងជជែកគ្នាលំអិត គឺយើងបង្ហាញអំពីវឌ្ឍនភាពការងារ នៃការរៀបចំការប្រកួតក្នុង ព្រឹត្តិការណ៍កីឡាអាស៊ានប៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យើងបានបង្ហាញទៅ សហព័ន្ធកីឡាជនពិការអាស៊ាន ឲ្យគេមើលឃើញច្បាស់ អំពីអ្វីទៅដែលហៅថា ការខិតខំប្រឹងប្រែង របស់ម្ចាស់ផ្ទះ ក្នុងការត្រៀមរៀបចំនេះ។

បន្ទាប់ពីបញ្ចប់បទបង្ហាញ ពីវឌ្ឍនភាពការងាររបស់កម្ពុជា ខាងសហព័ន្ធកីឡាជនពិការ អាស៊ាន មានការសប្បាយចិត្តជាខ្លាំង និងបានសរសើរកម្ពុជាថា ពិតជារៀបចំបានល្អ។

លោកបានបន្តថាៈ យើងរៀបចំបានល្អ គ្រប់ជ្រុងជ្រោយ ពោលគឺហាក់ដូចជា រួចរាល់ ១០០%។ និយាយរួម ពេលយើងធ្វើបទបង្ហាញទៅ ហាក់បីដូចជាយើង ធ្វើការងារ រួចរាល់ ហើយស្រេច។ យើងក៏បានបង្ហាញទៅពួកគាត់ថា កម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម មុនពេលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដូច្នេះពេលយើងធ្វើ ម្ចាស់ផ្ទះស៊ីហ្គេម មានលក្ខណៈល្អប្រសើរ ដល់ពេលយើងធ្វើប៉ារ៉ាហ្គេម ក៏កាន់តែល្អ ប្រសើរបន្ថែមទៀត ព្រោះប៉ារ៉ាហ្គេម មានប្រភេទកីឡាតិចជាងស៊ីហ្គេម ដូច្នេះអាចបង្ក លក្ខណៈងាយស្រួល ឲ្យយើងបានមួយកម្រិតបន្ថែមទៀត។

មួយចំណុចទៀតនោះ យើងនឹងយកធនធាន ដែលមានពេលស៊ីហ្គេម ទៅធ្វើពេល ប៉ារ៉ាហ្គេម បន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យទទួលបានជោគជ័យកម្រិតខ្ពស់។

លោកអគ្គលេខាធិការ បានបន្ថែមទៀតថាៈ អ្វីដែលជាចម្ងល់របស់ APSF ដែលបាន ចោទ ជាសំនួរមកកម្ពុជាទាំងអស់ គឺត្រូវបានបកស្រាយ យ៉ាងយកចិត្តទុកដាក់ និងយ៉ាង ច្បាស់លាស់ ហើយក៏ទទួលបានការពេញចិត្តជាខ្លាំង ពីប្រតិភូ និងក្រុមការងាររបស់ សហព័ន្ធកីឡាជនពិការអាស៊ាន។ អ្វីគ្រប់យ៉ាង គ្មានអ្វីល្អប្រសើរជាង ការជួយគ្នាទៅវិញ ទៅមក ដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគ ជ័យគួរជាទីគាប់ចិត្តនោះទេ៕/V-PC