ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ការដឹកម៉ូយដណ្តើមគ្នា ការដឹកម៉ូយ ហួសចំណុះ គឺខ្ញុំគិតថា វាអសីលធម៌ វាគ្មានសណ្តាប់ធ្នាប់ ហើយវាក៏មិនសមរម្យដែរ ចំពោះប្រទេសយើង។ ពេលនេះ យើងគួរតែបញ្ឈប់ ហើយប៉ូលិស គួរតែផាកពិន័យ ពីព្រោះថា វានាំឱ្យជួបនូវ ហានិភ័យ ដល់អ្នកដំណើរ និង វាក៏ជះឥទ្ធិពលមិនល្អ ដល់សេដ្ឋកិច្ចជាតិផងដែរ។ នេះជាការបញ្ជាក់ពីសំណាក់ អ្នកឧកញ៉ា គួច ម៉េងលី អ្នកឯកទេស ខាងអប់រំ និងសុខភាពសាធារណៈ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ អ្នកឧកញ៉ា គួច ម៉េងលី បានបង្ហាញពី ការចង់ឃើញការផ្លាស់ប្តូរ ពីអ្នកមានរថយន្តដឹកអ្នកដំណើរ ក្នុងការចាប់ម៉ូយ ពាសវាល ពាសកាល ដោយផ្លាស់ប្តរមកវិញ នូវការរៀបចំសណ្តាប់ធ្នាប់ និងការបើកអាជីវកម្ម ត្រឹមត្រូវ ដែលជាផ្នែកមួយ ជួយដល់សេដ្ឋកិច្ចជាតិ ពីព្រោះថា វាស្របទៅនឹងក្រោមម្លប់ សន្តិភាព និងកម្ពុជាកំពុងមានការអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ​អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងដែរថាៈ ផ្តើមចេញពីការដឹកជញ្ជូន គ្មានសណ្តាប់ធ្នាប់ និងការមិនគោរពច្បាប់ចរាចរណ៍ ដែលកើតឡើងមួយចំនួន បង្កឱ្យកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ហើយវានាំជះផលអាក្រក់ ដល់សេដ្ឋកិច្ច ប្រទេសជាតិផង។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គួច ម៉េងលី ដែលក្រៅពីវិនិយោគ លើវិស័យអប់រំ និងពិសេស បានមកបើកក្រុមហ៊ុនដឹកអ្នកដំណើរ ដែលជាការវិនិយោគ បន្ថែមទៀត លើវិស័យនេះ បានលើកឡើងដែរថាៈ ក្រៅពីការរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ លើរថយន្តដឹក អ្នកដំណើរ គេក៏មិនត្រូវភ្លេច ក្នុងការរៀបចំនូវសេវាកម្មល្អ និងមានលក្ខណៈទំនើប តាមសម័យកាល នាយុគសម័យថ្មីនេះដែរ។

អ្នកឧកញ៉ា បានបញ្ជាក់ថាៈ ដូចជាករណីក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក ដែលដឹកជញ្ជូនអ្នកដំណើរ បានបង្កើតឡើង ដោយបំពាក់នូវ សេវាកម្មទំនើប រថយន្តទំនើប ដែលផ្តល់នូវសុវត្ថិភាព និងផាសុកភាព ដល់អ្នកដំណើរ និងពិសេសមាន សេវាស្តង់ដាទំនើប ដូចប្រទេសជឿនលឿន លើពិភពលោក។

អ្នកឧកញ៉ា​ បានបញ្ជាក់បន្ថែមថាៈ ”កន្លងមក យើងឃើញថា មានរថយន្តដឹកជញ្ជូនច្រើន នៅកម្ពុជា ប៉ុន្តែសម្រាប់ការដឹកអ្នកដំណើរ ប្រកបដោយសេវាទំនើបនោះ មិនទាន់មាន នៅឡើយ។ តាមរយៈនេះហើយ ទើបអ្នកឧកញ៉ា បានបង្កើតសេវាដឹកជញ្ជូនថ្មីនេះ ដើម្បីឱ្យទាន់យុគសម័យថ្មី។ សម្រាប់សេវាថ្មីនេះ គឺមានលក្ខណៈប្រកបដោយសុវត្តិភាព ផាសុកភាព ដោយក្នុងនេះ គឺមិនមានដាក់អ្នកដំណើរតាមផ្លូវ ឬឈប់តាមផ្លូវរហេតរហូត នោះទេ”។

អ្នកឧកញ៉ា គួច ម៉េងលី បានឱ្យដឹងបន្ថែមថាៈ ក្រៅពីសេវាល្អ និងការរៀបចំសណ្តាប់ ធ្នាប់ល្អ ហើយគេក៏មិនត្រូវភេ្លចគិត ទៅលើអ្នកបើកបរទាំងអស់​ត្រូវតែមានការត្រួតពិនិត្យ សុខភាព គ្មានការប្រើប្រាស់គ្រឿងញៀន ជាប្រចាំ ដើម្បីធានាថា ពួកគាត់ មានសុខភាព ល្អ ដើម្បីផ្តល់សេវាដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព គ្មានការគ្រោះថ្នាក់ចរាចរណ៍ ដោយងាយណាមួយ កើតឡើង៕/V-PC