ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ :“សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត ” នេះគឺជាប្រធានបទនៅក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ថ្ងៃទី៥ធ្នូ២០២២ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រារព្ធរៀបចំធ្វើឡើង នៅសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ចំថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅសាលាស្រុកអូរជ្រៅនៃខេត្តបន្ទាយមានជ័យ
គឺចំថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានសមាគមកាកបាទក្រហមកម្ពុជា។

ក្នុងពិធីមានការឆ្លើយនឹងសំណួរនិងប្រគល់រង្វាន់លើកទឹកចិត្ត និងប្រគល់ប័ណ្ណសរសើរដល់យុវជនអ្នកស្ម័គ្រចិត្តថ្មីដែលបានចូលរួម។

លោកស្រី ឆាន់ ច័ន្ទសោភា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានឡើងអាននូវសារលិខិត របស់សម្ដេចប្រធានកាកបាទក្រហមកម្ពុជាដោយមានខ្លឹមសារថា: អ្នកស្ម័គ្រចិត្តកាកបាទក្រហមគឺជាឆ្អឹងខ្នង និងជាប្រតិបត្តិករជួរមុខដ៏សកម្ម ពុំអាចខ្វះបាននោះឡើយរបស់កាកបាទក្រហមកម្ពុជា និងអង្គការស្ម័គ្រចិត្តនានា។

អ្នកស្ម័គ្រចិត្តគឺជានិមិត្តរូបនៃការលះបង់កម្លាំងកាយចិត្តពេលវេលាការរួមគ្នាសាមគ្គីភាពជាតិមួយដើម្បីជម្នះរាល់ការលំបាកនិងបញ្ហាប្រឈមនានា។

ជាក់ស្ដែងសាមគ្គីភាពដ៏រឹងមាំរបស់កងកម្លាំងស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំនៅក្នុងការចូលរួមអនុវត្ត នូវយុទ្ធសាស្ត្រទូលំទូលាយគ្រប់ជ្រុងជ្រោយជាមួយ រាជរដ្ឋាភិបាលបានធ្វើឲ្យប្រទេសជាតិ អាចគ្រប់គ្រងបានពីជំងឺកូវីដ១៩ ជំងឺរាតត្បាតសកលនានា ហើយបាននិងកំពុងតែស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី នៃជំងឺកូវីដ១៩ និងជោគជ័យជាបន្តបន្ទាប់ទៀតដូចជា ពេញជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធថ្មីៗនេះ។

លោក សួន សុធី អនុប្រធានគណ:កម្មាធិការសាខា បានមានប្រសាសន៍ថា: យុវជននិងអ្នកស្ម័គ្រចិត្តជាកម្លាំងស្នូលជាឆ្អឹងខ្នង និងប្រតិបត្តិករជួរមុខដែលពុំអាចខ្វះបានរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម។

អំពីចលនានេះបានបង្កើតឡើងក្នុងឆ្នាំ១៨៦៣ ដោយលោក ហង់រី ឌុយណង់។ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ តាមសេចក្ដីសម្រេចលេខ ៤០/២១២ របស់មហាសន្និបាតនេះ នៅថ្ងៃទី១៧ខែធ្នូឆ្នាំ១៩៨៥ ។
ហើយចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាល នៅទូទាំងពិភពលោក រចនាសម្ព័ន្ធអង្គការសហប្រជាជាតិទាំងតំណាងកាកបាទក្រហមអឌ្ឍចន្ទក្រហមនិងសង្គមស៊ីវិលបានចូលរួមជាមួយអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោកអបអរទិវានេះ រៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជាបានរៀបចំទិវានេះតាំងពីឆ្នាំ២០១២ មក។

ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានរៀបចំទិវានេះចំនួន៦លើករួចមកហើយ៕/PC