ប្រែសម្រួលៈបំណង(បំណង)៖មនុស្សប្រាំបីនាក់ត្រូវបានសម្លាប់និង២៣នាក់រងរបួសដោយការបាញ់ផ្លោងរបស់អ៊ុយក្រែនចូលតំបន់លូហាន់សខ៍(Luhansk)ដែលគ្រប់គ្រងដោយរុស្ស៊ី នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានTASSរបស់រដ្ឋរុស្ស៊ីកាលពីថ្ងៃសុក្រ។
TASSបាននិយាយថា ការបាញ់ផ្លោងបានបំផ្លាញអាគារមួយនៅក្នុងភូមិឡានត្រាទីវកា(Lantrativka) និងមនុស្សជាប់ក្រោមគំនរបាក់បែក។
មន្ត្រីតំបន់ដែលគ្រាំដោយរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបាញ់កាំជ្រួចរ៉ុក្កែតHIMARSផលិតនៅអាម៉េរិកដាក់ភូមិឡានត្រាទីវកានៅម៉ោង ៤ជិតភ្លឺថ្ងៃសុក្រ។ប្រធានតំបន់លូហាន់សខ៍ក៏បាននិយាយថាមានការស្លាប់និងរបួសជនស៊ីវិលដោយសារការបាញ់ផ្លោងរបស់អ៊ុយក្រែនចូលទីប្រជុំជន ស្វាតូវ(Svatove)កាលពីព្រឹកថ្ងៃសុក្រ។
មន្រ្តីអ៊ុយក្រែនក៏បាននិយាយថា កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ពន្ធសំខាន់ៗនៅទូទាំងអ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយផ្តាច់ភ្លើងបន្ថែមនៅពេលប្រជាជននាំគ្នាចូលលេនដ្ឋាន។
នៅខាងអ៊ុយក្រែនឯណេះវិញ ពួកមេៗទ័ពអ៊ុយក្រែនបានទាយទុកថារុស្ស៊ីនឹងធ្វើការវាយប្រហារថ្មីមួយនៅដើមឆ្នាំក្រោយ និងអាចជាការប៉ុនប៉ងលើកទីពីរដើម្បីដណ្តើមកាន់កាប់រដ្ឋធានីគៀវនៅពេលសម្ពន្ធមិត្តលោកខាងលិចបង្កើនការគាំទ្រមូលនិធិ គ្រឿងសម្ភារសឹកនិងការហ្វឹកហាត់បន្ថែម។
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គី ឧត្តមសេនីយ៍ វ៉ាឡេរី ហ្សាលូហ្ស៍នី(Valery Zaluzhniy)និងឧត្តមសេនីយ៍ អូឡេកសាន់ដ្រ៍ សៀស្គី(Oleksandr Syrskiy)បាននិយាយប្រាប់ទស្សនាវដ្តីThe Economistកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារថ្មីរបស់រដ្ឋាភិបាលទីក្រុងមូស្គូ អាចនឹងកើតឡើងឆាប់ៗនៅខែមករាខាងមុខ ។ការវាយប្រហារអាចចេញពីតំបន់ដុនបាសភាគខាងកើតចេញពីខាងត្បូងឬចេញពីប្រទេសក្បែរខាងបេឡារូស ។វាអាចរួមមានការវាយប្រហារជើងគោកមួយលើកទៀតលើរដ្ឋធានីគៀវ ដែលរដ្ឋាភិបាលទីក្រុងមូស្គូបានបរាជ័យក្នុងការចូលកាន់កាន់កាលពីដើមប្រតិបត្តិការឈ្លានពានរបស់ខ្លួន។
លោកហ្សាលូហ្ស៍នី បាននិយាយាថ« រុស្ស៊ីកំពុងត្រៀមទាហានថ្មី២០០.០០០នាក់។វាគ្មានអីត្រូវមន្ទិលទៀតទេថាពួកគេនឹងធ្វើការវាយប្រហារធំជាថ្មីលើទីក្រុងគៀវ»។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បាននិយាយថា មានភស្តុងតាងកាន់តែច្រើនឡើងបង្ហាញថា រុស្ស៊ីមានផែនការវាយប្រហារធំជាថ្មី។លោកថា វាអាចកើតឡើងនៅខែកុម្ភៈនៅពេលពាក់កណ្តាលនៃទាហានរុស្ស៊ីទើបរើសថ្មីចំនួន៣០០.០០០នាក់នឹងបញ្ចប់ការហ្វឹកហាត់។ទាហានថ្មី១៥០.០០០នាក់ទៀត នឹងធ្វើការហ្វឹកហាត់ត្រៀមខ្លួនយ៉ាងតិចបីខែ មានន័យថាពួកគេប៉ុនប៉ងធ្វើការវាយប្រហារថ្មីប្រហែលជានៅខែកុម្ភៈ…»។
សូមបញ្ជាក់ថាភាគីទាំងពីរបានច្រានចោលការផ្អាកប្រយុទ្ធគ្នាក្នុងអំឡុងពេលអូអែលនិងក៏មិនមានការពិភាក្សាបញ្ចប់ជម្លោះដែរ ។
ក្នុងពេលជាមួយគ្នា មេដឹកនាំអាល្លឺម៉ង់បាននិយាយថា«ការប្តេជ្ញាចិត្តរបស់យើងដើម្បីគាំទ្រអ៊ុយក្រែនទាំងខាងនយោបាយ ហិរញ្ញវត្ថុ យោធានិងមនុស្សធម៌នៅតែរឹងមាំដដែលដរាបណាអ៊ុយក្រែននៅតែត្រូវការ»។
នៅទីក្រុងវ៉ាស៊ីនតោន យោធាអាម៉េរិកបានប្រកាសថាខ្លួននឹងពង្រីកការបង្វឹកទាហានអ៊ុយក្រែននៅអាល្លឺម៉ង់ ដោយចាប់ពីខែមករាទៅ។ទាហាន៥០០នាក់នឹងទទួលការបណ្តុះបណ្តាលក្នុងមួយខែបន្ថែមលើទាហានអ៊ុយក្រែន១៥.០០០នាក់ដែលអាម៉េរិកនិងសម្ពន្ធមិត្តបានជួយបណ្តុះបណ្តាលចាប់តាំងពីខែមេសាមក៕
អ៊ុយក្រែនអះអាងថា មានភស្តុតាងកាន់តែច្រើនបង្ហាញថា រុស្ស៊ីរៀបចំកម្លាំងដើម្បីធ្វើការវាយប្រហារធំជាថ្មី