ដោយៈ ជា សីហៈ/ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានជំនួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំវប្បធម៌របស់ទីក្រុងហុងកុង ប្រទេសចិនកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ លោក ខេវិន យើង ( Kevin Yeung) លេខាធិការវប្បធម៌ កីឡា និងទេសចរណ៍ របស់ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើការងារអាទិភាពមួយចំនួន ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសកម្ពុជានិងទីក្រុងហុងកុង ជាពិសេសលើវិស័យភាពយន្ត សិល្បៈទស្សនីយភាព និងម្ហូបអាហារជាដើម។ ការងារអាទិភាពទាំងនេះ គឺជាផ្នែកមួយដើម្បីជំរុញការអនុវត្តអនុស្សរណៈយោគយល់ទ្វេភាគីដែលបានចុះហត្ថលេខាកន្លងទៅ និងឈរលើស្មារតីរបស់វេទិកាសហប្រតិបត្តិការវប្បធម៌អាស៊ីឆ្នាំ២០២២ ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហុងកុង៕/PC