ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកភ្នំស្រុកនិងក្រុងប៉ោយប៉ែត ជាកម្មវិធីចុងក្រោយដែលបានបិទបញ្ចប់កាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២២ ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ មន្ត្រីថ្នាក់ដឹកនាំ មន្ត្រី អ្នកពាក់ព័ន្ធ ។

ចំណុចដែលត្រូវលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តនេះ ដែលមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀតនោះ រួមមានការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋានដោយ ផ្តោតជំរុញទៅលើការស្ថាបនាផ្លូវចាស់ដែលទុកមេម៉ាយយូរហើយឬផ្លូវអាទិភាពថ្មី ,ការជួសជុលផ្លូវថ្នល់ដែលរងការខូចខាត,ការកសាងប្រព័ន្ធលូរំដោះទឹកស្អុយ ទឹកភ្លៀង, ប្រព័ន្ធប្រឡាយទឹកសំរាបំរើការងារស្រោចស្រព កសិកម្ម,ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ ការធ្វើអត្តសញ្ញាណប័ណ្ណ,ការចុះសំបុត្រអត្រានុកូលដ្ឋាន,ការងារដោះស្រាយទំនាស់ដីធ្លី ,ការផ្តល់អំណោយស្បៀងអាហារដល់ពលរដ្ឋដែលជួបការលំបាកជាដើម។

លោក អ៊ុំ រាត្រី បានទទួលយកសំណូម ពរនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងនោះធ្វើការដោះស្រាយដោយផ្ទាល់នៅនឹងកន្លែងជាមួយអង្គភាពពាក់ព័ន្ធហើយបញ្ហាដែលនៅសេសសល់និងត្រូវដាក់បញ្ជូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ឬបញ្ជូនទៅក្រសួងស្ថាប័នថ្នាក់ជាតិបន្តទៀត.។

លោក ខេង ស៊ុមប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាអង្គ វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ចុងក្រោយនេះ ក៏ដូចកាលពីចាប់ផ្តើមនិងនៅពាក់កណ្តាល វាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រនិងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ និងក៏ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបន្ដទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍និងសំណូមពរនានាសម្រាប់ការពិភាក្សានិងតាមរយៈការឆ្លើយតបបាន ទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ។ ពោលគឺដើម្បីឈានទៅធ្វើការកែ លំអ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕/R