ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រូអាស៊ីនិងម៉ារ៉ុកនឹងត្រូវបោសដីពីខ្លួនឱ្យស្អាតហើយងើបមកលេងបាល់ម្តងទៀតខណៈពួកគេត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣វើលខាប់នៅថ្ងៃស្អែក។
បារាំងនិងអាហ្សង់ទីននឹងផ្តោតលើវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនៅកីឡដ្ឋាន Lusail ជាកន្លែងមិត្តរួមក្រុម Paris St Germain លីអូនែល ម៉េសស៊ី និង កាយលៀន អឹមបាហ្វេនឹងជួបតទល់មុខគ្នា។
ក្រូអាស៊ីនឹងជួបម៉ារ៉ុកក្នុងវគ្គដណ្តើមយកលេខ៣នៅថ្ងៃសៅរ៍នៅកីឡដ្ឋានអន្តរជាតិ Khalifa។
ខណៈក្រុមរងជើងឯកឆ្នាំ ២០១៨ បានបាក់អំនួត បន្ទាប់ពីបរាជ័យរបស់ពួកគេក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃអាហ្សង់ទីនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ គ្រូបង្វឹកលោក ស្លាតកូ ដាលីក (Zlatko Dalic) បាននិយាយថា ពួកគេនឹងចេញប្រយុទ្ធដើម្បីបិទបញ្ចប់វើលខាប់ជាមួយជ័យជម្នះ។
លោកបានបន្តថា “ក្រូអាស៊ីបានធ្វើការងារដ៏អស្ចារ្យហួសពីការរំពឹងទុក។ ការប្រកួតនៅថ្ងៃសៅរ៍មិនមែនជាវគ្គផ្តាច់ព្រ័ត្រតូចតាចសម្រាប់ពួកយើងនោះទេ វាជាការប្រកួតផ្តាច់ព្រ័ត្រដ៏ធំបំផុត”។
“វាមានភាពខុសគ្នាយ៉ាងសំខាន់រវាងការបញ្ចប់នៅលេខ៣ឬ៤”។
គ្រូបង្វឹកម៉ារ៉ុកលោក វ៉ាលីដ រីហ្គ្រាហ្គី (Walid Regragui) មានអារម្មណ៍ថាក្រុមរបស់គាត់បានបញ្ចេញអស់ហើយនៅលើទីលានខណៈក្តីសុបិនវើលខាប់របស់ពួកគេបានបញ្ចប់ដោយបរាជ័យក្រោមស្នាដៃក្រុមបារាំងកាលពីថ្ងៃពុធ។
ក្រុមតោកំណាចគឺជាប្រទេសអាហ្វ្រិកដំបូងគេដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវើលខាប់ ប៉ុន្តែបែរជាទន់ខ្សោយភ្លាមៗ បន្ទាប់ពីបាត់បង់ប្រធានក្រុម រ៉ូមេន សាអ៊ីស (Romain Saiss) ដោយសាររបួស និងខ្សែការពារ ណាយ៉េហ្វ អាហ្គឺត (Nayef Aguerd) របស់ West Ham ត្រូវបង្ខំចិត្តចាកចេញដោយសារតែជំងឺ។
ទោះយ៉ាងណា លោករីហ្គ្រាហ្គីនឹងមិនចុះចាញ់ឡើយ ខណៈម៉ារ៉ុកមានបំណងបង្ហាញថា ភាពខ្លាំងរបស់ពួកគេក្នុងប្រទេសកាតាមិនមែនចប់ត្រឹមហ្នឹងទេ។
លោកបាននិយាយថា “មនុស្សបានគោរពយើងរួចហើយ ប៉ុន្តែខ្ញុំគិតថាឥឡូវនេះពួកគេគោរពយើងច្រើនជាងមុន”។
“អ្នកមិនអាចឈ្នះវើលខាប់ជាមួយអព្ភូតហេតុបានទេ អ្នកត្រូវឈ្នះវាតាមរយៈការខិតខំប្រឹងប្រែង ហើយនោះជាអ្វីដែលយើងនឹងធ្វើ យើងនឹងបន្តធ្វើការ”៕
ម៉ារ៉ុកនិងក្រូអាស៊ីសុទ្ធតែជឿជាក់ថាឈ្នះនៅថ្ងៃសៅរ៍រៀងៗខ្លួន