ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ តារាសម្ដែងចិន នាង ឈីន ឡាន (Qin Lan)និងតារាសម្ដែង វៃ តាស៊ុន (Wei Daxun) ត្រូវបានអ្នកប្រមាញ់រូបថតចិនប្រទះឃើញនៅជាមួយគ្នា ដោយទំនងជាបញ្ជាក់ពីពាក្យចចាមអារ៉ាមថាពួកគេកំពុងមានទំនាក់ទំនងស្នេហា។
សមាជិកម្នាក់នៃក្រុមអ្នកប្រមាញ់រូបថតចិនបានបង្ហោះនៅលើ Weibo កាលពីថ្ងៃព្រហស្បតិ៍នូវឃ្លីបវីដេអូគូស្នេហ៍នេះកំពុងសម្រាកលំហែកាយនៅរមណីយដ្ឋានចិន សានយ៉ា (Sanya) ក្នុងខេត្តហៃណាន ដោយពួកគេទាំងពីរពាក់អាវត្រូវគ្នា ហើយឈីនកាន់ដៃវៃ។
ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានកត់សម្គាល់ផងដែរថា ឈីននិងវៃបាននិយាយនៅក្នុងគណនី Weibo របស់ពួកគេថាពួកគេកំពុងនៅខេត្តហៃណាន។
ពាក្យចចាមអារ៉ាមនេះបានចាប់ផ្តើមនៅដើមសប្តាហ៍នេះ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយចិនមួយបាននិយាយថា តារាសម្តែងដែលមាននាមត្រកូលចាប់ផ្តើមដោយអក្សរ “វ” និងតារាសម្តែងដែលមាននាមត្រកូលចាប់ផ្តើមដោយអក្សរ “ឈ” កំពុងណាត់ជួបគ្នា។
គេថាតួសម្តែងទាំងពីរគឺមកពីភាគឦសានប្រទេសចិន ហើយថាតារាស្រីមានវ័យចាស់ជាងតួប្រុស។ ពាក្យចចាមអារ៉ាមថែមទាំងបានលើកឡើងទៀតថា តារាសម្ដែងរូបនេះធ្លាប់បានណាត់ជួបតារាស្រីវ័យចំណាស់ដែលមាននាមត្រកូលចាប់ផ្ដើមជាមួយអក្សរ “ម” និង “យ”។
អ្នកនិយមលេងអ៊ីនធឺណិតចិនបានចាប់ផ្តើមប៉ាន់ស្មានថា គូស្នេហ៍មួយគូនេះគឺ ឈីន អាយុ ៤៣ ឆ្នាំ និង វៃ អាយុ ៣៣ ឆ្នាំដែលថ្មីៗនេះបានសម្តែងក្នុងរឿង Dr Tang (២០២២) ។ រឿងភាគទូរទស្សន៍នេះបានបញ្ចប់ការផលិតនៅខែសីហា ឆ្នាំ ២០២១។
វៃត្រូវបានគេរាយការណ៍ថាបានណាត់ជួបជាមួយតារាសម្តែង ម៉ា ស៊ូ (Ma Su)អាយុ ៤១ ឆ្នាំ និង យ៉ាង មី (Yang Mi) អាយុ ៣៦ ឆ្នាំ។ ម៉ាបានបំភ្លឺថា នាងនិងវៃគ្រាន់តែជាមិត្តនឹងគ្នាខណៈយ៉ាងនិងវៃមិនបានបញ្ជាក់ឬបដិសេធទំនាក់ទំនងនោះទេ។
មកទល់ពេលនេះ ទាំងឈីននិងវៃមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។
ឈីន ដែលគេស្គាល់ជាតួអធិរាជនី ហ្វូឆា (Fucha) នៅក្នុងរឿងភាគចិន Story Of Yanxi Palace (២០១៨) ពីមុនធ្លាប់បានណាត់ជួបជាមួយតារាសម្តែងចិន ហ័ង សៀវមីង (Huang Xiaoming) និងអ្នកដឹកនាំរឿងចិន លូ ជួន (Lu Chuan)៕
នាងឈីននិងលោកវៃលេងនៅកោះហៃណានជាមួយគ្នា