ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋាភិបាលជប៉ុនបានអនុម័តលើការរុះរើគោលនយោបាយការពារជាតិដ៏សំខាន់កាលពីថ្ងៃសុក្រទី១៦ធ្នូ រួមទាំងការបង្កើនការចំណាយដ៏សំខាន់ខណៈប្រទេសនេះព្រមានថា ចិន “បង្កបញ្ហាប្រឈមជាយុទ្ធសាស្ត្រធំបំផុតមិនធ្លាប់មាន” ចំពោះសន្តិសុខរបស់ខ្លួន។
នៅក្នុងការរុះរើវិស័យការពារជាតិដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ជប៉ុនបានប្តេជ្ញាបង្កើនការចំណាយផ្នែកសន្តិសុខដល់ពីរភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)ដល់ចំនួន៣២០ពាន់លានដុល្លារនៅឆ្នាំ ២០២៧ ផ្លាស់ប្តូរទម្រង់ទីបញ្ជាការយោធារបស់ខ្លួន និងទិញកាំជ្រួចថ្មីដែលអាចវាយដល់ទីតាំងបាញ់របស់សត្រូវដែលនៅឆ្ងាយៗ។
នាយករដ្ឋមន្ត្រី ហ្វ៊ុយមីអូ គីស៊ីដា បាននិយាយកាលពីសប្តាហ៍មុនថា “ការពង្រឹងសមត្ថភាពការពារជាតិរបស់យើងជាមូលដ្ឋានគឺជាបញ្ហាប្រឈមបន្ទាន់បំផុតនៅក្នុងបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរនេះ”។
ការស្ទង់មតិបានបង្ហាញថាសាធារណជនរបស់ជប៉ុនភាគច្រើនគាំទ្រការរុះរើនេះ ដែលបង្កឡើងដោយការព្រួយបារម្ភចំពោះការកើនឡើងអំណាចយោធាចិននិងការវិត្តន៍ភូមិសាស្ត្រនយោបាយដូចជាសង្គ្រាមនៅអ៊ុយក្រែន។
ប៉ុន្តែការរុះរើនេះនៅតែអាចមានភាពចម្រូងចម្រាស ដោយសារតែរដ្ឋធម្មនុញ្ញក្រោយសង្គ្រាមលោកលើកទី២របស់ជប៉ុនមិនទទួលស្គាល់ជាផ្លូវការនូវយោធាទេហើយកំណត់ជប៉ុននៅត្រឹមសមត្ថភាពការពារខ្លួនធម្មតាប៉ុណ្ណោះ។
ចំណាត់ការនេះត្រូវបានគូសបញ្ជាក់ក្នុងឯកសារការពារជាតិនិងសន្តិសុខចំនួនបី ដែលបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ។
ឯកសារទាំងនោះពណ៌នារដ្ឋាភិបាលក្រុងប៉េកាំងថាជា “បញ្ហាប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតមិនធ្លាប់មាន ក្នុងការធានាសន្តិភាពនិងស្ថិរភាពរបស់ជប៉ុន” ក៏ដូចជា “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” សម្រាប់ជប៉ុននិងសហគមន៍អន្តរជាតិ។
ជាការឆ្លើយតប រដ្ឋាភិបាលគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដល់ពីរភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំសារពើពន្ធ ២០២៧ដោយនាំជប៉ុនឱ្យដើរស្របជាមួយគោលការណ៍ណែនាំរបស់សមាជិកណាតូ៕
ជប៉ុនសម្រេចរុះរើគោលនយោបាយការពារជាតិរបស់ខ្លួនដោយបង្កើនចំណាយយោធាដល់៣២០ពាន់លានដុល្លារ