ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ជាប់ចោទពីបទឃាតកម្ម កាលពីជាង ២ ឆ្នាំមុន នៅស្រុកព្រះនេត្រព្រះ។
មន្ត្រីនគរបាលអនុវត្តច្បាប់ បានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ថាៈ ក្រោយទទួល បានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនោះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយ កម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ បើកការស្រាវជ្រាវ និងបានឈានដល់ឃាត់ខ្លួន ជនសង្ស័យ ១នាក់ ឈ្មោះ ហុក វាសនា ហៅស្តៅ ហៅកូនង៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។
មន្ត្រីនគរបាលដដែល បានឱ្យដឹងថាៈ ការឃាត់ខ្លួនជនសង្ស័យ គឺអនុវត្តតាមដីកាបង្គាប់ ឱ្យចាប់ខ្លួន លេខ៦៧ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ចុះហត្ថលេខាដោយលោក អាំង ចិន្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តបន្ទាយមានជ័យ (ពីបទឃាតកម្ម) ប្រព្រឹត្តនៅភូមិ-ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ។
កម្លាំងជំនាញនៃការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានប្រគល់ជនសង្ស័យ និងសំណុំរឿង ឱ្យតុលាការចាត់ការបន្ត តាមនីតិវិធីហើយ ៕/V