ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ អាជ្ញាធរម៉ាឡេស៊ីបាននិយាយថា គិតត្រឹមល្ងាចថ្ងៃសុក្រទី១៦ធ្នូ ក្រុមជួយសង្គ្រោះនិងស្វែងរកបានរកឃើញសាកសពមនុស្សយ៉ាងហោចណាស់មនុស្ស២១នាក់និងមនុស្សប្រហែល១២នាក់ទៀតនៅជាប់ក្រោមដីបាក់នៅកសិដ្ឋានមួយក្នុងរដ្ឋសេឡាន់ហ្គ័រ។
ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះនៅបន្តធ្វើ២៤ម៉ោងទៀត នៅពេលបុគ្គលិកទៅពីនាយកដ្ឋានអគ្គិភ័យនិងសង្គ្រោះរួមជាមួយប៉ូលីសនិងប្រជាជនជាង៧០០នាក់បានចំណាយពេលរាប់ម៉ោងកាយដីភក់ថ្មដើម្បីរកអ្នកនៅមានជីវិត។
រដ្ឋមន្ត្រីម៉ាឡេស៊ីម្នាក់បាននិយាយថា មនុស្ស៦១នាក់ត្រូវបានជួយសង្គ្រោះ។
ការបាក់ដីសង្កត់បានកើតឡើងនៅម៉ោងប្រមាណ២ជិតភ្លឺថ្ងៃសុក្រដោយដីភ្នំបាក់ពីភ្នំគ្របលើទីតាំងបោះជំរំនៅកសិដ្ឋានមួយក្នុងរដ្ឋសេឡាន់ហ្គ័រ ក្បែរទីក្រុងគូឡាឡាំពួរ។
ក្រោយការស្វែងរកនិងជួយសង្គ្រោះមនុស្សរាប់សិបនាក់ ក្រុមជួយសង្គ្រោះនៅបន្តស្វែងរកអ្នកនៅបាត់ខ្លួនជាងដប់នាក់ទៀត
នៅថ្ងៃសុក្រនេះដែរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានចុះទៅមើលប្រតិបត្តិការជួយសង្គ្រោះនិងបានសន្យាថា គ្រួសារដែលមានសមាជិកស្លាប់ក្នុងការបាក់ដីនេះនឹងទទួលបានប្រាក់ឧបត្ថម្ភ១០.០០០រីងហ្គីត(២.៣០០ដុល្លារ)៕