ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត​បានសរសេរ នៅលេីបណ្តាញសង្គម កាលពីយប់ ថ្ងៃទី១៦​ ខែធ្នូថាៈ ” ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹកស្មានថា លោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ !!! ដែលហ៊ានចេញសារលើ បណ្តាញសង្គមរបស់ខ្លួន ជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង រិះគន់សម្តេចតេជោ ពាក់ព័ន្ធករណីក្លែងបន្លំតួនាទី ជាប្រធានអាស៊ាន ដែលខ្លួនគាត់ (សម រង្សី) មិនទាំងយល់ច្បាស់ អំពីអាណត្តិរបស់ប្រធានអាស៊ានផង”។

លោក ហ៊ុន ម៉ាណែត បានបន្តថាៈ ” សាររបស់លោក សម រង្សី គឺស្មើនឹងគាត់ រិះគន់ ប្រធានាធិបតីបារាំង ក៏ដូចជា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ាន ដទៃទៀត ថាពួកគេមិនយល់ច្បាស់ អំពីអាណត្តិរបស់ប្រធានអាស៊ាន ព្រោះពួកគេ បានទទួលស្គាល់ នូវតួនាទីជា ប្រធានអាស៊ានរបស់សម្តេចតេជោ ទាំងក្នុងជំនួបជាមួយ ប្រធានាធិបតីបារាំង (ថ្ងៃទី១៣ ធ្នូ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង) និង កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប ៤៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហភាពអឺរ៉ុប (ថ្ងៃទី១៤ ធ្នូ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ីក)។”

លោក ហ៊ុន ម៉ាណែត​ បានបន្តទៀតថាៈ ” និយាយឱ្យខ្លី គឺលោក សម រង្សី ចង់បង្ហាញ ថា មានតែគាត់ទេ ដែលឆ្លាតវៃជាងគេ ហើយយល់អំពីអាណត្តិរបស់ ប្រធានអាស៊ាន ច្បាស់ជាង ប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំអាស៊ាន ។
ខ្ញុំអានសាររបស់គាត់ច្រើនដង ហើយនៅតែហួសចិត្ត ដែលគាត់អាចសរសេរសារ បែបនេះទៅរួច ព្រមទាំងបង្ហោះសារជាសាធារណៈ ជាភាសាខ្មែរ និងភាសាអង់គ្លេស ឱ្យបរទេស អាចអានទៀត”៕/V-PC