ដោយៈ បាយ័យ / សៀមរាបៈ កិច្ចប្រជុំពេញអង្គលើកទី២៩ របស់គណ:កម្មាធិការ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក រួចមក អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន២ ជាមួយបារាំង និង ជប៉ុន។

ប្រភពព័ត៌មាន អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ ខែធ្នូ បានឱ្យដឹងថាៈ ការចុះអនុស្សរណៈ នោះក្នុងន័យ ពង្រឹងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព រមណីយដ្ឋានអង្គរ ស្របតាមផែនការ និងសកម្មភាព ដែលបានកំណត់ គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

ការធ្វើជាសាក្សី នៃការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ទាំង២ ដែលមានដូចជា៖
១- គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន ជាមូលនិធិផ្តល់ដោយ រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការយូណេស្កូ មានការអញ្ជើញចុះហត្ថលេខា ជាពីរផ្នែកដោយ៖
– លោកស្រី បណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា និងលោក MIKAMI Masahiro ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
– លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Sardar Umar ALAM តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា។

២- គម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិ ក្នុងការគ្រប់គ្រងទឹក ក្នុងតំបន់សៀមរាប-អង្គរ (SDGERA) មានការអញ្ជើញចុះហត្ថលេខា ដោយ៖
– លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់ គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ SIAVB (បារាំង)៕/V-PC