ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រទី១៦ធ្នូបានច្រានចោលការប៉ុនប៉ងរបស់របបយោធាមីយ៉ាន់ម៉ា ក្រុមមេដឹកនាំតាលីបង់អាហ្វហ្គានីស្ថាន និងរដ្ឋាភិបាលគូប្រជែងដែលមានមូលដ្ឋាននៅភាគខាងកើតលីប៊ីដើម្បីទទួលបានអាសនៈរបស់ប្រទេសពួកគេនៅអ.ស.ប។
ស្ថាប័នពិភពលោកដែលមានសមាជិក១៩៣ប្រទេសបានបោះឆ្នោតជាឯកច្ឆ័ន្ទ ជាមួយនឹងការវាយញញួរពីប្រធានសន្និបាតលោក សាបា កូរ៉ូស៊ី (Csaba K”orösi)ដើម្បីយល់ព្រមលើអនុសាសន៍របស់គណៈកម្មាធិការសារតាំង ដែលឱ្យពន្យារសំណើទាំងនោះសិន។
ការសម្រេចចិត្តនេះមានន័យថា មីយ៉ាន់ម៉ានឹងនៅតែត្រូវបានតំណាងនៅអ.ស.បដោយលោក ក្យរ ម៉ូ ទុន (Kyaw Moe Tun)ដែលធ្វើជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅពេលដែលយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១។
អាសនៈរបស់អាហ្វហ្គានីស្ថាននឹងនៅបន្តជាមួយរដ្ឋាភិបាលមុនរបស់ប្រទេសដែលដឹកនាំដោយប្រធានាធិបតី អាស្រាហ្វ ហ្គានី (Ashraf Ghani)ដែលត្រូវបានបណ្តេញចេញដោយពួកតាលីបង់ក្នុងខែសីហាឆ្នាំ២០២១។ ហើយឯកអគ្គរដ្ឋទូតលីប៊ី លោក តាហឺ អែលសុននី (Taher Elsonni)ដែលតំណាងឱ្យរដ្ឋាភិបាលមានមូលដ្ឋាននៅរដ្ឋធានីទ្រីប៉ូលីនៅភាគខាងលិចប្រទេសលីប៊ីនឹងនៅតែជាបេសកជនរបស់ប្រទេស។
លោកស្រី ខារ៉ូលីន រ៉ូឌ្រីហ្គេស បឺកេត (Carolyn Rodrigues-Birkett) ឯកអគ្គរដ្ឋទូតរបស់ហ្គីយ៉ាណាប្រចាំនៅអ.ស.ប ដែលជាប្រធានគណៈកម្មាធិការសារតាំងបានបង្ហាញរបាយការណ៍របស់ខ្លួនមុនពេលបោះឆ្នោត ដោយលើកឡើងពីការទាក់ទងពីគូប្រជែងមកពីមីយ៉ាន់ម៉ា អាហ្វហ្គានីស្ថាន និងលីប៊ី ដែលព្យាយាមតំណាងឱ្យប្រទេសរបស់ពួកគេ។
លោកស្រីបាននិយាយថា “គណៈកម្មាធិការបានសម្រេចចិត្តពន្យារពេលការពិចារណារបស់ខ្លួនលើលិខិតសារតាំងដែលទាក់ទងនឹងតំណាងនៃប្រទេសមីយ៉ាន់ម៉ា អាហ្វហ្គានីស្ថាន និងលីប៊ី”ទៅកាន់ពេលអនាគតក្នុងសម័យប្រជុំមហាសន្និបាតលើកទី ៧៧ ដែលនឹងបញ្ចប់នៅខែកញ្ញាឆ្នាំក្រោយ។
បន្ទាប់មកលោកកូរ៉ូស៊ីបានវាយញញួរអនុម័តលើសេចក្តីសម្រេចចិត្តដើម្បីយល់ព្រមលើរបាយការណ៍របស់គណៈកម្មាធិការសារតាំង។
មេដឹកនាំយោធាមីយ៉ាន់ម៉ាបានស្វែងរកកៅអីអ.ស.បបន្ទាប់ពីលោកស្រីស៊ូជីត្រូវបានបណ្តេញចេញ។ រដ្ឋប្រហាររបស់កងទ័ពបានជួបជាមួយនឹងការតវ៉ាដោយសន្តិវិធីយ៉ាងទូលំទូលាយដែលត្រូវបានបង្ក្រាបដោយកម្លាំងដ៏សាហាវ ដែលបង្កឱ្យមានការតស៊ូប្រដាប់អាវុធ ដែលអ្នកជំនាញមួយចំនួនរបស់អ.ស.បបានចាត់ទុកថាជាសង្គ្រាមស៊ីវិល។
បន្ទាប់ពីពួកតាលីបង់បានវាយលុកអាហ្វហ្គានីស្ថានក្នុងសប្តាហ៍ចុងក្រោយនៃការដកទ័ពអាម៉េរិកនិងណាតូចេញពីប្រទេសបន្ទាប់ពីសង្គ្រាម ២០ ឆ្នាំ ពួកគេបានស្វែងរកកៅអីរបស់អ.ស.បហើយដំបូងឡើយបានសន្យាថានឹងអនុញ្ញាតឱ្យមានសិទ្ធិស្ត្រីនិងជនជាតិភាគតិច។ ផ្ទុយទៅវិញ ពួកគេបានហាមឃាត់ការអប់រំកម្រិតមធ្យមសិក្សាសម្រាប់ក្មេងស្រីការដាក់កំហិតយ៉ាងធ្ងន់ធ្ងរលើការងារនិងការធ្វើដំណើរសម្រាប់ស្ត្រី និងអនុវត្តការវាយដំជាសាធារណៈនិងការប្រហារជីវិតជាសាធារណៈ។
ប្រទេសលីប៊ីសម្បូរប្រេងបានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីការបះបោរដែលគាំទ្រដោយអង្គការណាតូបានផ្តួលរំលំនិងសម្លាប់មេដឹកនាំផ្តាច់ការ ម៉ូអាម៉ា ហ្គាដាហ្វី (Moammar Gadhafi) ក្នុងឆ្នាំ ២០១១។ នៅក្នុងភាពវឹកវរដែលកើតឡើងបន្ទាប់ពីនោះ ប្រទេសទាំងមូលត្រូវបានបំបែកដោយរដ្ឋបាលគូប្រជែងដែលគាំទ្រដោយកងជីវពលនិងរដ្ឋាភិបាលបរទេស។ វិបត្តិនយោបាយបច្ចុប្បន្នរបស់ប្រទេសនេះកើតចេញពីបរាជ័យក្នុងការរៀបចំការបោះឆ្នោតនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១។
នាយករដ្ឋមន្ត្រីរបស់ប្រទេសដែលដឹកនាំរដ្ឋាភិបាលអន្តរកាលនៅទីក្រុងទ្រីប៉ូលីបានបដិសេធមិនចុះចេញពីតំណែងហើយសភាដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេសបានតែងតាំងនាយករដ្ឋមន្ត្រីគូប្រជែង ដែលស្វែងរកកៅអីអ.ស.ប៕