ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោកស្រី អ៊ែនជេលីណា ចូលី និងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានចែកផ្លូវគ្នាបន្ទាប់ពីធ្វើការជាងពីរទសវត្សរ៍ជាមួយគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយកាលពីថ្ងៃសុក្រទី១៦ធ្នូ តារាសម្តែងអាម៉េរិកនិងទីភ្នាក់ងារនេះបានប្រកាសថា លោកស្រី “ចាកចេញ” ពីតួនាទីរបស់លោកស្រីជាបេសកជនពិសេសរបស់ទីភ្នាក់ងារនេះ “ដើម្បីចូលរួមក្នុងបញ្ហាមនុស្សធម៌និងសិទ្ធិមនុស្សកាន់តែទូលំទូលាយជាងនេះ”។
លោកស្រីចូលីត្រូវបានដកស្រង់សម្តីដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំនឹងបន្តធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីគាំទ្រជនភៀសខ្លួននិងជនផ្លាស់ទីលំនៅផ្សេងទៀត” ដោយបន្ថែមថា លោកស្រីមានអារម្មណ៍ថាវាដល់ពេល “ដើម្បីធ្វើការងារផ្សេង” ដោយចូលរួមដោយផ្ទាល់ជាមួយជនភៀសខ្លួននិងអង្គការក្នុងស្រុក។
លោកស្រីចូលីបានចាប់ផ្តើមធ្វើការជាលើកដំបូងជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អ.ស.បក្នុងឆ្នាំ ២០០១ ហើយត្រូវបានតែងតាំងជាបេសកជនពិសេសរបស់ខ្លួនក្នុងឆ្នាំ ២០១២។ សេចក្តីថ្លែងការណ៍បានពណ៌នាតារាពហុជំនាញនេះថា “បានបំពេញបេសកកម្មចុះដល់កន្លែងជាង ៦០ ធ្វើជាសាក្សីអំពីរឿងរ៉ាវនៃទុក្ខលំបាកក៏ដូចជាក្តីសង្ឃឹមនិងការតស៊ូ”។
ស្នងការជាន់ខ្ពស់អ.ស.បទទួលបន្ទុកជនភៀសខ្លួន លោក ហ្វីលីបប៉ូ ហ្គ្រានឌី (Filippo Grandi) ត្រូវបានដកស្រង់សម្តីថា “បន្ទាប់ពីរយៈពេលដ៏យូរនិងភាពជោគជ័យជាមួយអង្គការ UNHCR ខ្ញុំពេញចិត្តចំពោះបំណងប្រាថ្នារបស់លោកស្រីក្នុងការផ្លាស់ប្តូរការចូលរួមរបស់លោកស្រី និងគាំទ្រការសម្រេចចិត្តរបស់លោកស្រី។ ខ្ញុំដឹងថាបុព្វហេតុជនភៀសខ្លួននឹងនៅតែស្ថិតក្នុងបេះដូងរបស់លោកស្រី ហើយខ្ញុំប្រាកដថាលោកស្រីនឹងនាំមកយកបំណងប្រាថ្នានិងការយកចិត្តទុកដាក់ដូចគ្នានេះដាក់ចំពោះគុណតម្លៃមនុស្សធម៌កាន់តែទូលំទូលាយ”។
នៅក្នុងអត្ថបទអត្ថាធិប្បាយមួយដែលចុះផ្សាយក្នុងកាសែត The Guardian កាលពីខែមុន លោកស្រីចូលីបាននិយាយអំពីការខកចិត្តចំពោះកង្វះការរីកចម្រើនជាសកលក្នុងការបញ្ចប់អំពើហិង្សាផ្លូវភេទនៅក្នុងជម្លោះ៕
លោកស្រីចូលីថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំស្តីពីការរក្សាសន្តិភាពរបស់អ.ស.បនៅទីស្នាក់ការកណ្តាលអ.ស.បកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩