ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន និងទូរទស្សន៍ជាតិកម្ពុជាបានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សេវាកម្មទូរគមនាគមន៍នៅកម្ពុជា។

 ក្រុមហ៊ុនវៀតធេល ខេមបូឌា ដែលជាម្ចាស់ស្លាកសញ្ញារបស់មិត្តហ្វូន និងទូរទស្សន៍ជាតិកម្ពុជា (ទទក) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងរវាងសហគ្រាសបច្ចេកវិទ្យាឈានមុខមួយ ជាមួយនឹងស្ថានីយទូរទស្សន៍ជាតិ។

នៅរសៀលថ្ងៃទី ១៦ ខែធ្នូ លោក ឃឹម វុទ្ធី អគ្គនាយកស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក កៅ ម៉ាញ ដឹក (Cao Manh Duc) បានជួបប្រជុំគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុមហ៊ុនមិត្តហ្វូនគាំទ្រទូរទស្សន៍ជាតិកម្ពុជា  ក្នុងការរួមចំណែកជួយដោះស្រាយបញ្ហាទាក់ទងនឹងការតភ្ជាប់ទូរគមនាគមន៍ អ៊ីនធឺណិត ទូរទស្សន៍ឌីជីថល និងបម្លាស់ប្តូរឌីជីថលឲ្យកាន់តែមានភាពប្រសើរឡើង។

លើសពីនេះទៅទៀត ទូរទស្សន៍ជាតិកម្ពុជា នឹងរួមចំណែកជួយសម្របសម្រួលក្រុមហ៊ុនមិត្តហ្វូន ដើម្បីផលិតមាតិកា និងកម្មវិធីនានា ដើម្បីចាក់ផ្សាយតាមរយៈបណ្តាញឌីជីថលរបស់ក្រុមហ៊ុនមិត្តហ្វូន  ក៏ដូចជាគាំទ្រការទំនាក់ទំនង និងការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនមិត្តហ្វូន តាមរយៈ Channel របស់ខ្លួនផងដែរ។​

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមួយនេះ ក៏ជាការផ្តល់ឱកាសដើម្បីរឹតចំណងទំនាក់ទំនងរវាងសហគ្រាសបច្ចេកវិទ្យា និងស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដោយនាំមកនូវផលប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រ និងប្រជាពលរដ្ឋ។

មិត្តហ្វូនមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៦ ហើយបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅឆ្នាំ ២០០៩ ។ បន្ទាប់ពីការអភិវឌ្ឍន៍អស់រយៈពេល ១៦ ឆ្នាំ ក្រុមហ៊ុនមួយនេះ បានក្លាយទៅជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលដ៏ធំបំផុតនៅកម្ពុជា ដែលមានអតិថិជនប្រើប្រាស់ចំនួនជាង ៩ លាននាក់ ស្មើនឹង ៥០ ភាគរយ នៃចំណែកទីផ្សារទូរគមនាគមន៍នៅកម្ពុជា។

ហើយប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនមិត្តហ្វូន មានការរីកចម្រើនកាន់តែខ្លាំងក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលជាច្រើនដើម្បីលើកកម្ពស់ជីវិតឌីជីថលសម្រាប់ប្រជាជនកម្ពុជា និងជួយព្រះរាជាណាចក្រក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថល។

សូមបញ្ជាក់ថា មិត្តហ្វូន ក៏បាន​រួម​ចំណែក​ក្នុងការបង់ពន្ធ និង​ថ្លៃ​សេវានានា​របស់​ក្រុមហ៊ុនទៅ​ក្នុង​ថវិកា​រដ្ឋ​មាន​ជិត ៨០០​ លាន​ដុល្លារសហរដ្ឋអាមេរិក។ លើសពីនេះ ក្រុមហ៊ុន មិត្តហ្វូន ក៏បានរួមចំណែកដល់សង្គមតាមរយៈសកម្មភាពឧបត្ថម្ភ និងការផ្តួចផ្តើមគំនិតដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍ ដែលមានទំហំទឹកប្រាក់ជាង ១១៧ លានដុល្លារសហរដ្ឋអាមេរិកផងដែរ៕