ដោយ៖ រ៉ាម៉ន / ភ្នំពេញៈ  លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថាៈ កត្តាសុខសន្តិភាព បាននាំឱ្យកម្ពុជា មានការអភិវឌ្ឍឥតឈប់ឈរ ទាំងអាណាចក្រ និងពុទ្ធចក្រ ដែលប្រជាពលរដ្ឋទាំងអស់ សប្បាយរីករាយ និងប្រាថ្នាចង់បានគ្រប់ៗគ្នា។

លោក កើត ឆែ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ក្នុងពិធី “សម្ពោធកុដិ ១ ខ្នង និងសមិទ្ធផលនានា ក្នុងវត្តតាំងក្រសាំងខាងជើង” ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក កើត ឆែ បានថ្លែងទៀតថាៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក នាំ ប្រកបដោយភាពឈ្លាសៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍ វិស័យពុទ្ធសាសនា ឱ្យមានភាពរីកចម្រើន ដោយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ រវាងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ជាពិសេស ស្វែងរកភាពសុខដុមនីយកម្ម នៃវិស័យសាសនា ក្នុងសង្គមកម្ពុជា ដើម្បីពង្រឹងនូវសាមគ្គីភាព សិល្បៈនៃការចែករំលែក និងឈោងចាប់យកសុខសន្តិភាព ដ៏ពេញលេញ សុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងការអភិវឌ្ឍជាតិ មាតុភូមិ។

ជាមួយគ្នានេះ លោកអភិបាលរង រាជធានីភ្នំពេញ បានបន្តថាៈ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនប្រជាជនខ្មែរ នូវសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងមានការបើកទូលាយ ក្នុងការប្រតិបត្តិសាសនា ធ្វើឱ្យពុទ្ធបរិស័ទ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា រស់នៅយ៉ាងសុខដុមរមនា ហើយសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងកន្លែងសក្ការៈបូជានានា ត្រូវបានកសាងឡើង ជាបន្តបន្ទាប់ ត្រប់ទិសទី ពាសពេញផ្ទៃប្រទេស។

លោកបានបន្តថាៈ សមិទ្ធផលទាំងឡាយ​ដែលត្រូវបានកសាងឡើង ក្នុងទីវត្តតាំង ក្រសាំងខាងជើង នាពេលនេះ គឺបានកើតចេញពីមនុញ្ញផលនៃ “សន្តិភាព និងការអភិវឌ្ឍ ជាតិមាតុភូមិ ក្រោមនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ នាយករដ្ឋមន្តី តាមរយៈកម្លាំងមហាសាមគ្គីរបស់ រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្ត បងប្អូនប្រជាពលរដ្ឋ ព្រមទាំង សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់លើកស្ទួយវិស័យ ពុទ្ធសាសនា ។ ដូច្នេះ “ សន្តិភាព ” គឺជាកត្តាសារវន្ត និងមានតម្លៃមិន អាចកាត់ថ្លៃបាន ហើយប្រសិនបើប្រទេសជាតិ របស់យើង គ្មានសុខសន្តិភាព គ្មានការបង្រួបបង្រួមជាតិ និងគ្មានការអភិវឌ្ឍ ម៉្លេះសម សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងទីកន្លែងសក្ការៈបូជា គ្រប់ទិសទី ពាសពេញផ្ទៃប្រទេស ពិតជាមិនអាចកសាងឡើងជាបន្ត បន្ទាប់ច្រើនអនេក ដូចសព្វថ្ងៃនេះឡើយ។

ក្នុងឱកាសនោះ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានថ្លែងឱ្យដឹងដែរថាៈ ការរីកចម្រើនផ្នែកអាណាចក្រ និងពុទ្ធចក្រ គួរជាទីមោទនៈ ដោយធានាបានសុខដុមនីយកម្មរវាងសានាទាំងអស់ក្នុងប្រទេសកម្ពុជា ហើយ គ្មានការរើសអើង និងគ្មានជម្លោះសាសនា។  ដោយឡែក​ការរីកចម្រើន ឥតឈប់ឈរ ក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺបានកើតចេញអំពីជំនឿដ៏ជ្រះថ្លា និងមោះមុត របស់ពុទ្ធសាសនិកកម្ពុជា នៅទូទាំងប្រទេស និងក្រៅប្រទេស។

លោកបានបន្តថាៈ ការរីកចម្តើនផ្នែកវិស័យពុទ្ធសាសនា គឺបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការអប់រំ ការអភិវឌ្ឍធនធានមនុស្ស  និងបានដើរតួនាទីស្នូល យ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ការអភិរក្សវប្បធម៌ សន្តិភាព  សាមគ្គីភាព និងមិត្តភាព ដែលជាមាគ៌ាដ៏ប្រពៃ នាំឱ្យសម្រេចគោលដៅសង្គម គឺបំបាត់អំពើហិង្សា ប្រទូស្តរាយ  ការប្រព្រឹត្តិអំពើទុច្ចរិត  និងអនាចារ្យផ្សេងៗ។

សូមបញ្ជាក់ថា សមិទ្ធផលនានា ដែលត្រូវសម្ពោធឆ្លង នាពេលនេះ  គឺមានកុដិថ្មី ១ខ្នង មានទំហំ ១២ ម៉ែត្រ គុណនឹង ១៤ ម៉ែត្រ កម្ពស់ជាន់ផ្ទាល់ដី ដែលអគារនេះ បានបញ្ចុះ បឋមសិលាសាងសង់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់ ជាស្ថាពរ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយបានជាវពុទ្ធបដិមាថ្មកែវ ចំនួន ២៨ អង្គ ទុកជាទីសក្ការៈបូជា សរុបចំណាយបច្ច័យកសាង អស់ចំនួន ១៧៣.៦១៤ ដុល្លារ។ ក្រៅអំពីសមិទ្ធផលនេះ ក៏នៅមានការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មួយចំនួនទៀត ដែលត្រូវបានកសាងឡើង ក្នុងទីវត្តតាំងក្រសាំងខាងជើង យើងនេះ ក្នុងនោះ រួមមាន កសាងប្រាសាទទេវតា ២ កន្លែង, កសាងពុទ្ធបដិមាប្រោសបញ្ចវគ្គីយ៍, កសាងខ្លោងទ្វារ ផ្នែកខាងលិចវត្ត ១កន្លែង, កសាងរបងវត្តផ្នែកខាងមុខ ប្រវែង ៣០០ ម៉ែត្រ, កសាងផ្លូវបេតុងចូលវត្ដ ប្រវែង ៣២០ ម៉ែត្រ, កសាងផ្លូវបេតុងខាងក្រៅវត្ត ផ្នែកខាងកើត ប្រវែង ២៧០ ម៉ែត្រ, ធ្វើផ្លូវក្រាលក្រួសក្រហម ខាងក្រៅវត្ត ផ្នែកខាងត្បូងប្រវែង ២៥០ ម៉ែត, ក្រាលម៉ាបជណ្តើរឡើងឧបដ្ឋានសាលា, ចាក់សាប និងក្រាលការ៉ូឡា សម្អាតទីធ្លាវត្ត ទំហំ ១.៨០០ ម៉ែត្រក្រឡា រួមទាំងរៀបចំកែលម្អ សួនច្បារក្នុងវត្តផងដែរ ហើយបើសរុបជារួម គម្រោងនេះចំណាយ បច្ច័យកសាងអស់ចំនួន ៤២៨.៩៧០ ដុល្លា៕/V-PC