ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អង្គការសហប្រជាជាតិបាននិយាយថា កងរក្សាសន្តិភាពរបស់អ.ស.បពីរនាក់មកពីប្រទេសនីហ្សេរីយ៉ាត្រូវបានសម្លាប់និងបួននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រទី១៦ធ្នូលើការល្បាតសន្តិភាពនៅទីក្រុងធីមបុកទូ (Timbuktu) ភាគខាងជើងប្រទេសម៉ាលី។
ក្រុមប្រឹក្សាសន្តិសុខអ.ស.បបាននិយាយថា សមាជិកនៃកងកម្លាំងសន្តិសុខរបស់ម៉ាលីក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះផងដែរ។
អ្នកនាំពាក្យអ.ស.ប លោក ស្តេហ្វេន ឌួចារិក (Stephane Dujarric) បាននិយាយថា សមាជិករក្សាសន្តិភាពម្នាក់ ដែលត្រូវបានសម្លាប់ គឺជាស្ត្រី។
អគ្គលេខាធិការអ.ស.ប លោក អង់តូនីញ៉ូ គូថេរ៉េសនិងក្រុមប្រឹក្សាសន្តិសុខ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។
ក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់ថា ការជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការ ដឹកនាំ ឧបត្ថម្ភ ឬធ្វើការវាយប្រហារសំដៅលើកងរក្សាសន្តិភាពរបស់អ.ស.ប អាចបង្កើតបានជាឧក្រិដ្ឋកម្មសង្គ្រាម។
ប្រទេសម៉ាលីបានស្ថិតក្នុងភាពចលាចលចាប់តាំងពីការបះបោរឆ្នាំ ២០១២ នៅពេលដែលទាហានបះបោរបានផ្តួលរំលំប្រធានាធិបតី។ការខ្វះអ្នកកាន់អំណាចទីបំផុតបាននាំឱ្យមានការបះបោរពីពួកជីហាដ និងសង្គ្រាមដឹកនាំដោយបារាំង ដែលបានបណ្តេញពួកជីហាដចេញពីអំណាចក្នុងឆ្នាំ ២០១៣។
ក្រុមបះបោរនៅតែសកម្មនៅក្នុងប្រទេសម៉ាលីហើយក្រុមជ្រុលនិយមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានិងក្រុមរដ្ឋអ៊ីស្លាមបានផ្លាស់ពីភាគខាងជើងដ៏ស្ងួតហួតហែងទៅកាន់ភាគកណ្តាលប្រទេសម៉ាលីដែលសម្បូរមនុស្សចាប់តាំងពីឆ្នាំ ២០១៥ ដោយបានបង្កឱ្យមានភាពច្របូកច្របល់និងអំពើហិង្សារវាងក្រុមជនជាតិភាគតិចនៅក្នុងតំបន់។
ភាពតានតឹងបានកើនឡើងរវាងម៉ាលី ប្រទេសជិតខាងអាហ្វ្រិក និងប្រទេសលោកខាងលិច ចាប់តាំងពីរដ្ឋាភិបាលរបស់ម៉ាលីបានអនុញ្ញាតឱ្យទាហានស៊ីឈ្នួលរុស្ស៊ីមកពីក្រុម Wagner Group ពង្រាយលើទឹកដីរបស់ខ្លួន៕
វត្តមានកងថែររក្សាសន្តិភាពនៅម៉ាលី