ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បិទវគ្គបណ្តុះ បណ្តាលគ្រូបង្វឹក កីឡាលើកទម្ងន់ “Weightlifting Coaching Course” ក្រោមគម្រោងកម្មវិធី សាមគ្គីអូឡាំពិក (Olympic Solidarity) ដោយមានការ អញ្ជើញចូលរួមពីលោក ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តំណាង លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងលោក ផាត បញ្ញាសុជាតក៌ អនុប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បាននិយាយថាៈ សិក្ខាសាលាសាមគ្គីអូឡាំពិក ស្តីពីការបណ្ដុះបណ្ដាល គ្រូបង្វឹកថ្នាក់ជាតិ ដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី បានដំណើរការ រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ប្រកបដោយជោគជ័យ។
គ្រូឧទ្ទេសក្នុងវគ្គដោយលោក AVEENASH PANDOO សមាជិកគណៈកម្មការ គ្រូបង្វឹក និងស្រាវជ្រាវ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ បានធ្វើបទបង្ហាញ ផ្តោតសំខាន់លើការអភិវឌ្ឍ សមត្ថភាពបច្ចេកទេស គ្រូបង្វឹកកីឡា លើកទម្ងន់ ត្រូវមានចំណេះដឹង លើកការគ្រប់គ្រងក្លិប យល់ដឹងពីសមត្ថភាព កីឡាករ-កីឡាការិនី ត្រួតពិនិត្យ តាមដានលើកការហ្វឹកហាត់ របស់គាត់ គ្រប់វិនាទី គ្រប់សកម្មភាព មានការកែតម្រូវបច្ចេកទេសភ្លាមៗ និងលើកទឹកចិត្តដល់ពួកគាត់ ឲ្យមានការចូលរួម និងមានឆន្ទៈ ឆ្ពោះទៅរកគោលដៅនៃ ផែនការការប្រកួត ជាបន្តបន្ទាប់។

លោកបានបន្តថាៈ គ្រូបង្វឹក ត្រូវចេះរៀបចំកម្មវិធីហ្វឹកហាត់ ផែនការប្រចាំសប្តាហ៍ ប្រចាំខែ ផែនការគោលដៅ រយៈពេលវែង មធ្យម និងរយៈខ្លី។ ត្រូវមានសមត្ថភាព ក្នុងការអភិវឌ្ឍបច្ចេកទេសកីឡាករ ការមើលថែពួកគាត់ និងការបង្ការរបួសជាដើម។ល។ គ្រូបង្វឹក ត្រូវយល់ពីកម្រិត នៃប្រភេទកីឡារបស់ខ្លួន ជាប្រភេទកីឡាអូឡាំពិក ត្រូវរក្សាបាន នូវសុវត្តិភាព សុខភាព ការបង្ការទប់ស្កាត់មិនឲ្យកីឡាករ កីឡាការិនី ជាប់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង ដែលជាការត្រួតពិនិត្យពី WADA។

សិក្ខាសាលានេះ មានវត្តមានសិក្ខាកាមទាំងអស់ ចំនួន ២៧នាក់ ស្រ្តី៦នាក់ ជាគ្រូបង្វឹកថ្នាក់ជំនាន់ទី១ ឆ្នាំ២០២២ ជាការអភិវឌ្ឍធនធានមនុស្សដំបូងគេ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ។ មានគ្រូបង្វឹក គឺយើងមានតំណភ្ជាប់ ដ៏សំខាន់ជាមួយនឹងសហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ អាស៊ី និងអាស៊ីអាគ្នេយ៍។ ទាំងនេះ ទើបមានការទទួលស្គាល់ ពីអាជ្ញាធរកីឡាជាតិ នៅគ្រប់កម្រិត ប្រព័ន្ធផ្សព្វផ្សាយ មហាជនមានការគាំទ្រ ដល់វិស័យកីឡាលើកទម្ងន់។

លោកអគ្គលេខាធិការ បានបន្ថែមថាៈ ដើម្បីធានាបាននូវការគោរព ទៅតាមគោល ការណ៍ តួនាទី ភារកិច្ច និងទំនួលខុសត្រូវ លើការរៀបចំ អនុវត្តដឹកនាំកិច្ចការប្រកួតនានា ពិសេសការយកទៅអនុវត្ត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣២ ឆ្នាំ២០២៣ ខាងមុននេះ ជាបទពិសោធន៍ជាក់ស្តែង ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទទួល បានលទ្ធផលជាផ្លែផ្កា ជូនអង្គភាព ស្ថាប័ន ជាតិមាតុភូមិ។ ផ្អែកតាមសមត្ថភាព និងបទពិសោធន៍ ក្នុងការចែករំលែក ផ្ទេរចំណេះដឹង របស់គ្រូឧទ្ទេស និងសកម្មភាព សហការគ្នាល្អ អង្គសិក្ខាសាលា ទទួលបានលទ្ធផលល្អ។

លោកអគ្គលេខាធិការ បានមានប្រសាសន៍ថាៈ” សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នឹងបន្តវប្បធម៌ ទំនាក់ទំនងល្អ​សហព័ន្ធកីឡាលើក ទម្ងន់អន្តរជាតិ អាស៊ី គណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមួយនឹងភាគីពាក់ព័ន្ធ គាំទ្រវិស័យកីឡា។ ក្នុងនាម គណៈកម្មការគ្រប់គ្រងវគ្គ ខ្ញុំបាទសូមវាយតម្លៃខ្ពស់ ចំពោះគ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងរួមគ្នា និងមានឆន្ទៈ ខ្ពស់ លះបង់ពេលវេលា ធ្វើឲ្យវគ្គនេះ ទទួលបានជោគជ័យ នាពេលនេះ “​៕ V / N