ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាអគ្គលេខាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៣ ស្តីពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយ គោលបំណងនៃកិច្ចប្រជុំគី ឆ្លុះបញ្ចាំងពីគុណតម្លៃក្នុងការពង្រឹង ភាពជាដៃគូ ខណះពេលដែលបញ្ហាប្រឈមចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកំពុងកើនឡើង ។

នៅក្នុងវេទិកាអន្តរជាតិនេះ លោក បានអះអាងថា ចាប់ពីកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូ ទីក្រុងប៊ូសា ឆ្នាំ២០១១ មក កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ។ ស្ថិតក្នុងបរិការណ៍ប្រែប្រួលឥតឈប់ឈរ ជាក់ស្ដែងការប្រែប្រួលអាកាសធាតុ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩, ប្រសិទ្ធភាពនៃភាពជាដៃគូកាន់តែមានសារៈសំខាន់ ដើម្បីសម្រេចបាន របៀបវារៈ ឆ្នាំ២០៣០ ។ ក្នុងន័យនេះ គោលការណ៍ភាពជាដៃគួបន្តដើរតួនាទីជាត្រីវិស័យ ដល់ការតម្រង់ សកម្មភាពឆ្ពោះទៅកាន់គោលដៅរយៈពេលមធ្យម ។ គោលការណ៍នោះមាន ភាពជាម្ចាស់គឺ ភាពជាអ្នកដឹកនាំ របស់ប្រទេសជាដៃគូ ក្នុងការកំណត់គោលដៅអភិវឌ្ឍន៍ជាតិ, ភាពជាដៃគូសំដៅដល់ការគាំទ្ររបស់ដៃតួអភិវឌ្ឍន៍ ប្រកបដោយសង្គតិភាពជាមួយអាទិភាពជាតិ, លទ្ធផល, និងតម្លាភាព ។

លើមូលដ្ឋាននេះ លោក រដ្ឋមន្ត្រីប្រតិភូបានវាយតម្លៃខ្ពស់ចំពោះ ភាពចាំបាច់នៃការតាមដានភាពជាដៃគូនៅកម្រិតជាតិ ក្នុងការពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឈន៍ សម្រាប់រៀបចំគោលនយោបាយ ស្របតាមនិន្នាការជាតិ និងសកល ។ លើសពីនេះ លោករដ្ឋមន្ត្រីប្រតិភូ បានចែករំលែកនូវបទពិសោធន៍ និងសមិទ្ធផលរបស់កម្ពុជា ក្នុងការពង្រឹងភាពជាដៃគូប្រកបដោយបរិយាប័ន្ន លើវេទិកាពិភាក្សានៃកិច្ចប្រជុំជាពិសេស ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជុំវិញពិភពលោក, អង្គការអន្តរជាតិ តំបន់ និងពហុភាគី, អង្គការសង្គមស៊ីវិល, សហជីព, និងវិស័យឯកជនជាដើម ។​

គួរបញ្ចាក់ផងដែរថា ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះកម្ពុជាជាប្រទេសបុរសកម្ម ក្នុងការអង្កេតការតាមដានភាពជាដៃគូសកលស្តីពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គ្រប់ដំណាក់កាល គីឆ្នាំ២០១៤, ២០១៦, និង២០១៨ ។

លោក ឈៀង យ៉ាណារាំ បានអះអាងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមការអង្កេតការតាមដានដំណាក់កាលទី ៤ ដែលនឹងប្រព្រឹត្តទៅចាប់ពី ឆ្នាំ២០២៣ ជាក់ស្តែង គោលការណ៍ និងយន្តការភាពជាដៃគូសកលត្រូវបាន ដាក់បញ្ចូលក្នុងគោលនយោបាយ និងឧបករណ៍ជាតិដូចជា យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និង ភាពជាដៃគូ និងប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា ។ ទន្ទឹមនឹងនេះ ប្រព័ន្ធទិន្នន័យត្រូវបាន កែសម្រួលជាប្រចាំ, ក្នុងនោះ អាចកត់ត្រាទិន្នន័យហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គាំទ្រការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ, វិសមភាពយេនឌ័រ, ជំងឺកូវីដ-១៩, … ហើយជា លទ្ធផលនៃការអង្កេតនឹងផ្តល់ធាតុចូល ដ៍សំខាន់ដល់ការរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពនៃភាពជាដៃគួបន្ថែម ៕/R