ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ តាមរយៈជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ នឹងរួមចំណែក ពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អ រវាងគណបក្ស និងប្រជាជននៃទីក្រុងយើងទាំងពីរ ភ្នំពេញ-ហូជីមិញ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ នឹងក្លាយជាវឌ្ឍនភាពថ្មី ដើម្បីឈានទៅរកការ អភិវឌ្ឍលើគ្រប់វិស័យ។ នេះជាការលើកឡើងរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន វ៉ាន់ នេន (Nguyen Van Nen) សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ នាព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះ ជាការរួមចំណែកនៃការពង្រឹង និងពង្រីកទំនាក់ទំនងដ៏ស្អិតរមួត និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ រឹងមាំយូរ អង្វែង ។តាមរយៈជំនួបពិភាក្សាការងារក្នុងពេលនេះ នឹងរួមចំណែក ពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អ រវាងគណបក្ស និងប្រជាជននៃទីក្រុងយើងទាំងពីរ ភ្នំពេញ-ហូជីមិញ ចំពេល ខូបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាព លើកទី១៨ នៃការចងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលនៃទីក្រុងទាំងពីរភ្នំពេញ-ហូជីមិញ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ នឹងក្លាយជាវឌ្ឍនភាពថ្មី ដើម្បីឈានទៅរកការ អភិវឌ្ឍលើគ្រប់វិស័យ។

លោកបន្តថា៖ ឈរលើមូលដា្ឋននសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់នេះ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។ លោកបន្តថា ក្នុងអំឡុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ភ្នំពេញ បានរៀបចំកម្មវិធី ក្នុងនាម ជាម្ចាស់ផ្ទះ កិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែល មានថ្នាក់ដឹកនាំកំពូលតំណាងប្រទេសចំនួន ២៥ បានចូលរួម។ ជាមួយនិងការរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ (AIPA – 43), វេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី/ រដ្ឋធានី អាស៊ាន និង ការរៀបចំប្រកួត កីឡាជាតិ លើកទី៣ និង កីឡាជនពិការលើកទី១ ហើយកិច្ចប្រជុំសំខាន់ៗទាំងនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបាន ការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ តាមការគ្រោងទុក ។

លោក ង្វៀន វ៉ាន់ នេន ក្នុងឱកាសនោះ បានសាទរចំពោះសមិទ្ធផលជាច្រើនដែលកម្ពុជាដែលសម្រេចបាននៅពេលនេះ ។ លោកបានមានប្រសាសន៍ថា៖ សមិទ្ធផលទាំងនេះ គឺពិតជាបានមកពីការដឹកនាំដ៏ល្អនិងឈ្លាសវៃរបស់មេដឹកនាំកំពូលៗរបស់កម្ពុជា ដោយបានធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើននិងធ្វើអោយជីវភាពប្រជាពលរដ្ឋកម្ពុជាធូរធារ ។

លោកបន្តថា យើងនឹងពង្រឹងនិងពង្រីក សាមគ្គីភាព សហប្រតិបត្តិការរវាងទីក្រុងហូជីមីង-រាជធានីភ្នំពេញអោយកាន់តែយូរអង្វែង ពិសេសកិច្ចសហប្រតិបត្តិការគ្នាលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ដើម្បីឈានទៅរកការ អភិវឌ្ឍរីកចំរើនខ្លាំងក្លាថែមទៀត។ លោកបន្តថា យើងចង់អោយទីក្រុងទាំង២ ទីក្រុងហូជីមីង-ភ្នំពេញ ជម្រុញ និងគាំទ្រ ពាណិជ្ជករអោយគ្នាទៅវិញទៅមក ជម្រុញវិស័យទេសចរណ៍និងការបង្កើតទស្សនកិច្ចនៃទីក្រុងទាំង២ ។

លោក ង្វៀន វ៉ាន់ នេន ក៏បានបញ្ជាក់ផងដែរថា៖ មន្ទីរពេទ្យជោរៃ ទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋកម្ពុជាក្នុងការព្យាបាលជម្ងឺ ដូច្នេះទីក្រុងទាំង២នឹងបន្តខិតខំបន្ថែមទៀតដើម្បីបន្តជំហានទី២ ដោយយើងត្រូវបណ្តុះបណ្តាលធនធានមនុស្សបន្ថែម ដើម្បីបំរើការងារនៅក្នុងពេទ្យនេះ៕/R