ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Uber អាចនឹងសម្លឹងយករ៉ូបូតមកជំនួសអ្នកបើកបរជាមនុស្សមួយចំនួន បន្ទាប់ពីប្រឈមមុខនឹងបណ្ដឹងតុលាការពីបុគ្គលិក ដែលព្យាយាមចង់ឱ្យដំឡើងប្រាក់ខែ។
ក្រុមហ៊ុនដឹកភ្ញៀវខ្នាតយក្សនេះកំពុងជួលរ៉ូបូតបើកបរដោយខ្លួនឯងដើម្បីចែកចាយអាហារសម្រាប់កម្មវិធីUberEatsរបស់ខ្លួនពីឈ្មួញសម្រិតសម្រាំងនៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដាហើយគ្រោងនឹងពង្រីកទៅទីក្រុងជាច្រើនទៀតនៅឆ្នាំក្រោយ។
រ៉ូបូតកង់ប្រាំមួយសម្រាប់ធ្វើដំណើរតាមចិញ្ចើមផ្លូវនេះគឺមកពីក្រុមហ៊ុន Cartken ដែលអតីតវិស្វករ Google បានបង្កើតឡើង និង មានឃ្លុបមួយអាចផ្ទុកទំនិញបានដល់ទៅ ១១ គីឡូក្រាម។
ភាពជាដៃគូ ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ កើតឡើងពីរថ្ងៃបន្ទាប់ពីចៅក្រមនៅម៉ាហាថែន (Manhattan) បានគាំទ្រការប្រឹងប្រែងរបស់ក្រុមហ៊ុន Uberក្នុងការទប់ស្កាត់ការដំឡើងប្រាក់ឈ្នួលជាបណ្តោះអាសន្នសម្រាប់អ្នកបើកបរដែលចែករំលែកការជិះ មិនឱ្យចូលជាធរមាននៅសប្តាហ៍ក្រោយ។
ការដំឡើងប្រាក់ឈ្នួលនឹងកើនឡើង ២៣,៩៣ ភាគរយក្នុងមួយម៉ាយល៍ (១,៦ គីឡូម៉ែត្រ)។ Uber ត្រូវគេនិយាយថានឹងយកកម្រៃជើងសារប្រហែល ២៥ ភាគរយពីអ្នកបើកបរ។
ទោះយ៉ាងណា ការចែករំលែការជិះយានយន្តជាមួយរ៉ូបូតហាក់បីដូចជាវិថីនៃអនាគត ខណៈក្រុមហ៊ុនជាច្រើនកំពុងស្វែងរកការប្រើប្រាស់រ៉ូបូតតាក់ស៊ីនិងរ៉ូបូតដឹកជញ្ជូន។
Uber បានសាកល្បងរ៉ូបូតតាំងពីខែឧសភា ដែលជាបច្ចេកវិជ្ជាដំបូងគេបង្កើតឡើងដោយក្រុមហ៊ុន Serve Robotics នៅឡូសអាន់ជេឡេស, សាន់ឌីហ្គោ (San Diego) និង ឌូបៃ៕
Uber កំពុងប្រើរ៉ូបូតពីក្រុមហ៊ុន Cartken ដើម្បីដឹកអាហារនៅម៉ៃអាមី