ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ កំណកព្រិលកើតមាននៅលើភ្នំខ្ពស់បំផុតរបស់វៀតណាមនៅតំបន់ខ្ពស់រាបខាងជើងអស់ពេលប្រមាណ៣០នាទីកាលពីថ្ងៃសៅរ៍ទី១៧ធ្នូ នៅពេលសីតុណ្ហភាពបានធ្លាក់ចុះដល់ដកពីរ(-2)អង្សាសេនៅម៉ោងប្រមាណ៧ព្រឹក។កំណកព្រិតទឹកកកស្តើងៗត្រូវបានគេឃើញកកជាប់នៅតាមស្លឹកនិងមែកឈើ។
ខ្យល់ត្រជាក់ឥឡូវគ្របដណ្តប់នៅតំបន់វៀតណាមខាងជើងនិងភាគច្រើននៃវៀតណាមកណ្តាល។នៅទីក្រុងហាណូយ សីតុណ្ហភាពបានធ្លាក់ចុះដល់១២អង្សាសេកាលពីព្រឹកថ្ងៃសៅរ៍ ក្រោយពីទីក្រុងនេះជួបសីតុណ្ហភាព១៦អង្សាសេកាលពីថ្ងៃសុក្រ។
បណ្តាតំបន់ភ្នំដូចជាខេត្តឡាវ កាយ(Lao Cai)ឡាងសឺន(Lang Son)ហា យ៉ាង( Ha Giang)ឡាយ ចាវ(Lai Chau)និងឌៀនបៀន(Dien Bien)សុទ្ធតែជួបអាកាសធាតុត្រជាក់ក្រោម១០អង្សាសេ។
នៅវៀតណាមកណ្តាល សីតុណ្ហភាពចុះទាបបំផុតត្រូវបានគេសង្កេតឃើញនៅខេត្ត ថាញ់ហ័រ(Thanh Hoa)ហាទិញ(Ha Tinh)និងក្វាងទ្រី( Quang Tri)។ខេត្តទាំងនេះមានសីតុណ្ហភាពរង្វង់១៥ទៅ១៧អង្សាសេ។ផ្នែកឧតុនិយមបាននិយាយថា សីតុណ្ហភាពទំនងជាបន្តធ្លាក់ចុះនៅថ្ងៃសៅរ៍និងអាទិត្យ ដោយសារតែម៉ាសខ្យល់ត្រជាក់ ដោយខ្ពង់រាបនិងតំបន់ឆ្នេរនៅវៀតណាមកណ្តាលនិងខាងជើងនឹងមានសីតុណ្ហភាពពី៨ទៅ១១អង្សាសេ។
តំបន់ភ្នំ នឹងឃើញសីតុណ្ហភាពចុះប្រមាណ៣ទៅ៧អង្សាសេ និងកន្លែងខ្លះអាចសូន្យអង្សា។
សូមបញ្ជាក់ថា ពេលត្រជាក់បំផុតនារដូវរងារនេះនឹងនៅចន្លោះខែធ្នូនិងកុម្ភៈឆ្នាំក្រោយ ដោយមួយលើកៗមានរយៈពេលពីរទៅប្រាំថ្ងៃ៕
កំណកទឹកកកស្តើងនៅលើស្លឹកនិងមែកឈើនៅលើភ្នំ ហ្វានស៊ីប៉ាន់នៅវៀតណាមខាងជើងកាលពីព្រឹកថ្ងៃសៅរ៍
វៀតណាមខាងជើងត្រូវបានព្យាករណ៍ថានឹងជួបរដូវរងារត្រជាក់បំផុតនៅឆ្នាំចាប់ពីថ្ងៃសុក្រទី១៦ធ្នូ ដោយតំបន់ភ្នំសីតុណ្ហភាពអាចចុះដល់សូន្យអង្សា