ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ ការិយាល័ព្រះបរមរាជវាំងបានប្រកាសនៅថ្ងៃសៅរ៍ទី១៧ធ្នូនេះថា ព្រះមហាក្សត្រនិងមហាក្សត្រិយ៍ថៃ បានឆ្លងកូវីដ១៩តែចេញរោគសញ្ញាស្រាលទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃសៅរ៍នេះ។
សារព័ត៌មានខាងលើបាននិយាយថា ក្រុមវេជ្ជបណ្ឌិតប្រចាំរាជវាំងបានធ្វើតេស្តិ៍រកមេរោគលើព្រះមហាក្សត្រនិងមហាក្សត្រិយ៍ និងបង្ហាញថាទ្រង់ទាំងទ្វេឆ្លងកូវីដ តែស្ថានភាពជំងឺស្រាលមិនធ្ងន់ធ្ងរទេ។ក្រុមគ្រូពេទ្យបានថ្វាយឳសថហើយទូលថ្វាយព្រះអង្គកុំអោយយាងចូលកម្មវិធីនិងព្រឹត្តិការណ៍ណាមួយ។
សូមបញ្ជាក់ថា ស្តេចថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន និងមហេសី កាលពីថ្ងៃសុក្របានយាងទៅកាន់មន្ទីរពេទ្យជូឡាឡុងកនក្នុងទីក្រុងបាងកកដើម្បីមើលព្រះអង្គម្ចាស់ក្សត្រិយ៍ បារ៉ាគីទីយ៉ាផា ណារ៉េនឌីរ៉ា ដេប៊ីអេវ៉េត(Bajrakitiyabha Narendira Debyavati)បុត្រច្បងរបស់ទ្រង់ជាមួយមហេសីមុនដែលកំពុងសម្រាកព្យាបាលនៅទីនោះក្រោយដួលសន្លប់នៅខេត្តភាគខាងជើងមួយដោយសារបញ្ហាបេះដូង ។
នៅទីនោះ អ្នកគាំទ្រព្រះអង្គរាប់រយនាក់បានស្វាគមន៍ទ្រង់និងមហេសី និងបន់ស្រន់អោយព្រះអង្គម្ចាស់ក្សត្រិយ៍ឆាប់ជាពីជំងឺព្យាធិ៕
ស្តេថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន និងមហេសី យាងទៅមើលបុត្រីដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនិងបានជួបស្វាគមន៍អ្នកគាំទ្រជាច្រើន។ក្រោយវិលមកកាន់រាជវាំង ព្រះអង្គទាំងទ្វេមានកូវីដ១៩
ប្រជាជនថៃ រួមជាមួយសមាជិកគណៈរដ្ឋមន្រ្តីថៃ ជូនពរអោយព្រះអង្គម្ចាស់ក្សត្រិយ៍ឆាប់ជាពីជំងឺ