ដោយៈ សុផានីតា / កោះកុង៖ ក្រសួងសុខាភិបាល នឹងកំពុងរាល់លទ្ធភាព លើការកសាង មណ្ឌលសុខភាព ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅដែនកោះ និងតំបន់ឆ្ងាយដាច់ស្រយោល នៅក្នុងខេត្តកោះកុង។ នេះជាការថ្លែងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រោយទស្សនកិច្ច និងសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរបង្អែកខេត្តកោះកុង។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តលើកឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ថាៈ ទោះបីមន្ទីរសុខាភិបាល ស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្ត ក៏ពិតមែនក្តី ក៏ជារៀងរាល់ឆ្នាំ ក្រសួងពិគ្រោះយោបល់ ស្វែងថវិកាបន្ថែម សម្រាប់ទម្លាប់ ទៅកាន់បណ្តាខេត្តនីមួយៗ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល ឱ្យកាន់តែច្រើនៗ ក្នុងន័យបង្កើនទំនុកចិត្ត ពីសាធារណជន។

លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ដែរថាៈ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុង១ឆ្នាំៗ កិច្ចលើកកម្ពស់ វិស័យស្នូរមួយនេះ ក្រសួងសុខាភិបាល បានបណ្តុះបណ្តាល ធនធានមនុស្ស គ្រូពេទ្យជំនាញ និងផ្តល់សម្ភារៈ បរិក្ខារពេទ្យ ជាបន្តបន្ទាប់ ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះប្រជាពលរដ្ឋ។

ជាមួយនឹងទស្សនកិច្ច នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោករដ្ឋមន្រ្តីក្រសួងសុខាភិ បាល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីល្បឿន នៃភាពរីកចម្រើនរបស់ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យ ចំពោះការបម្រើសេវាព្យាបាល ជូនដល់ប្រជាពលទូទៅ។ ទៅថ្ងៃមុខ មន្ទីរពេទ្យខេត្តកោះកុង នឹងកាន់តែទទួលបានទំនុកចិត្តខ្ពស់ ពីប្រជាពលរដ្ឋ ចំពោះកិច្ចប្រឹងប្រែង របស់ក្រុមគ្រូពេទ្យ លើការផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺ ទូទៅ។

រាល់សមិទ្ធផលដែលកកើតមាន នៅពេលនេះ ត្រូវបានលោកវេជ្ជបណ្ឌិត ទៅ មឹុង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ថ្លែងថាៈ គឺសុទ្ធសឹងតែមានផែនការ ទិសដៅ និងឆន្ទៈខ្ពស់ ប្រកបដោយទំនួលខុសត្រូវ ចំពោះសុខភាពសាធារណៈ គ្រាកំពុងមាន សេចក្តីត្រូវការលើសលុប។

បើតាមលោកវេជ្ជបណ្ឌិត ទាំងពីររូប បានអះអាងថា លោក ក្រុមគ្រូពេទ្យ និងបុគ្គលិក នឹងបន្តពង្រឹងគុណភាព លើវិស័យសុខាភិបាល ក្នុងខេត្ត ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឆ្លើយតប ទៅតាមផែនការយុទ្ធសាស្រ្ត របស់ក្រសួងសុខាភិបាល ព្រមទាំងកៀគរទំនុកចិត្ត ពីមហាជន មកទទួលសេវា។

បច្ចុប្បន្ន មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបន្ទប់សង្រ្គោះបន្ទាន់ និងថែទាំទារក ទើបនិងកើត (NCU) (មិនគ្រប់ខែ មិនគ្រប់គីឡូ ឆ្លងមេរោគ មានសញ្ញាលឿងស្បែក ….. ជាដើម) បន្ទាប់ពីបានតម្លើងបំពាក់គ្រឿងសម្ភារៈ បរិក្ខារវិទ្យាសាស្រ្ត បែបទំនើប រួមទាំងក្រុមគ្រូពេទ្យ មានជំនាញ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ក្រោមជំនួយរបស់អង្កការ KOFHI តាមរយៈក្រសួងសុខាភិបាល៕/V/R