ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជេីញជាអធិបតី ក្នុងពិធីបេីកព្រឹត្តិការណ៍ បុណ្យរដូវរំហេីយក្រោមប្រធានបទ ការប្រឡងដាល់អំបុកនិងបង្ហើរខ្លែងជ្រោមជ្រែង ប្រពៃណីខ្មែរ នៅខេត្ដកំពង់ឆ្នាំង ។
ថ្លែងនៅក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវ ការផ្តាំផ្ញេីសាកសួរសុខទុក្ខ ពីសំណាក់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា ជូនដល់កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋទាំងអស់ដោយសេចក្តី នឹករលឹក។
បើយោងតាមកម្មវិធីនៃការប្រកួតនេះ មានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៧ និង ១៨ នៅពេលយប់ មានការប្រគំតន្ត្រីសម័យ និងបុរាណ ការសម្តែងចាប៉ីដងវែង និងល្បែង កម្សាន្តជាច្រេីនទៀតដែលនឹងបង្ករឲ្យកាន់តែមានភាពសប្បាយរីករាយ ថែមមួយកម្រិត ទៀត ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ពិធីប្រឡងមាន ដាល់អំបុក និងបង្ហេីរខ្លែងនៅពេលយប់ ថ្ងៃទី១៨ មានបង្ហោះ ចំនួន ២.០២៣ គោម និងមានបាញ់កាំជ្រួច អបអសាទបុណ្យរដូវរំហើយ ដែលជាប្រពៃណី ជាតិ បានប្រារព្ធធ្វេីឡើង រយៈពេល ២ គឺនៅថ្ងៃទី១៧ និង ១៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមការឧបត្ថម្ភពីមូលនិធិ អុឹងហ្វោនដេសិន (ING FOUNDATION) ដែលដឹកនាំដោយលោកឧកញ៉ា អុឹង ប៊ុនហូ៊វ និងលោកស្រី ព្រមទាំងក្រុមការងារ ដែលមានបេក្ខជន បេក្ខនារី មកពីក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំងនិងមានការចូលរួម ពីលោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋប្រមាណជាង ៣.០០០ នាក់ ។
សូមបញ្ជាក់ថា បច្ចុប្បន្ន តំបន់នេះ បានក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ព្រោះថា តំបន់នេះគឺជា តំបន់ភ្នំទូកមាស ដែលមានព្រៃឈើ ធម្មជាតិដ៏ស្រស់បំព្រង មានប្រាសាទពណ្ណរាយ ប្រាសាទប្រុស (សក្ល) ប្រាសាទស្រីប្រាសាទស្លុតតី ឬថ្នមប្តី ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត និងបានចូល រួមចំណែកលើកស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំពោធិ៍ និងឃុំច្រណូក នៃស្រុកកំពង់លែង ឲ្យមានជីវភាពធូរធារ ថែមមួយកម្រិតទៀតផងដែរ។
នៅក្នុងឱកាសនោះ លោកស្រីក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សា និងអភិរក្សនូវប្រពៃណីពីដូនតា បានបន្សល់ទុកដល់បច្ចុប្បន្ន ដេីម្បីចូលរួមលេីកស្ទួយ មរតកប្រពៃណីជាតិ៕ V / N