ដោយៈមុនីរ័ត្ន / ភ្នំពេញៈ កម្មវិធីបោះជំរំប្រចាំឆ្នាំ នៃសមាគមកាយឫទ្ធិនារីកម្ពុជា រយៈពេល ២ យប់ ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៧ ខែធ្នូ ឆ្នាំ២០២២ នៅរមណីយដ្ឋាន វីគិរីរម្យ ខេត្តកំពង់ស្ពឺ នេះពិតជាបានបន្សល់ នូវអនុស្សាវរីយ៍ ជាច្រើន រួមមាន ស្នាមញញឹម ការស្រឡាញ់ ការមើលថែរក្សា ការចេះជួយគ្នា ការយកចិត្តទុកដាក់ និងសាមគ្គីភាពគ្នា ប្រៀបបានជាគ្រួសារតែមួយ ក្រុងកាកដឹកនាំដោយផ្ទាល់ ពីសំណាក់ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្រុមការងារ សមាជិកា សមាជិក មកពីតាមបណ្ដាខេត្ត ជាច្រើននាក់ផងដែរ។

សកម្មភាពថ្ងៃទី៣ បោះជំរំប្រចាំឆ្នាំ នៃសមាគមកាយឫទ្ធិនារីកម្ពុជា រួមមាន៖ ការធ្វើលំហាត់ប្រាណ យូហ្គា និងសមាធិបង្កើនថាមពលជីវិត និងកម្មវិធីដុតភ្លើងគប់ដែល អត្ថន័យនៃការដុតភ្លើងគប់ គឺចង់បង្ហាញឱ្យសមាជិកា បានស្គាល់ពីកម្លាំង នៃអំណាចភ្លើង ដែលប្រៀបបាននឹងកម្លាំង ដ៏ពុះកញ្រ្ជោលរបស់កុមារី និងយុវតី នៃសមាគមកាយប្ញទ្ធិ នារីកម្ពុជា គឺរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីទទួលបាននូវ ភាពរីកចម្រើន និងការអភិវឌ្ឍ ទាំងអស់គ្នា និងកម្មវិធីបិទការបោះជំរំជាប្រចាំឆ្នាំ២០២២ នៃសមាគមកាយឫទ្ធិនារី កម្ពុជា ក្រោមប្រធានបទ អំណាចនៃភាពជឿជាក់ ព្រមទាំងមានការចែកវិញ្ញាបនបត្រ ជូនសមាជិកា-សមាជិក ដែលបានចូលរួមកម្មវិធីបោះជំរំ រួមទាំងបានថតរូបជា អនុស្សាវរីយ៍រួមគ្នា មុននឹងបញ្ចប់កម្មវិធី។

សូមបញ្ជាក់ថា ការផ្ទេរចន្លុះភ្លើងពីអគ្គស្នងការ ស្នងការ និងថ្នាក់នាំសមាគម ទៅកាន់ ប្អូនៗទាំងអស់ គឺបញ្ជាក់ពីការផ្ទេរភារកិច្ចការងារ និងការជឿទុកចិត្តថា ប្អូនៗពិតជា អាចបំពេញការងារ បានយ៉ាងល្អ ក្នុងនាមជាយុវតី បន្តវេនជំនាន់ក្រោយ។

ថ្នាក់ដឹកនាំ ក្រុមការងារសមាជិក សមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជា ពិតជា បានបង្ហាញនូវភាពរីករាយ មោទនភាពក្រៃលែង ដែលបានចូលរួម នៅក្នុងសកម្មភាព បោះជំរុំប្រចាំឆ្នាំ របស់សមាគម ក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ សាមគ្គីភាព ភាពកក់ក្តៅ និងសូមគោរពថ្លែងអំណរគុណ ចំពោះលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានរៀបចំកម្មវិធីបោះជំរំ ប្រចាំឆ្នាំនេះ ធ្វើឲ្យអ្នកចូលរួមទាំងអស់ ទទួលបាននូវការទំនាក់ទំនងល្អ ភាពជាអ្នកដឹកនាំ ចំណេះដឹង និងបទពិសោធន៍ជាច្រើន នៅក្នុងការដឹកនាំជីវិត ការសិក្សា និងការរស់នៅប្រចាំថ្ងៃ៕ V / N