ដោយ:សរិទ្ធ/កណ្តាល៖ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ និងលោក អ៊ុន សុវណ្ណធានី តំណាងអយ្យការអម សាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់មន្ត្រីនគរបាលគ្រឿងញៀនម្នាក់ពីបទឆបោក តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌនិងឃុំខ្លួនបណ្ដោះអាសន្ន។ នេះបើតាមលោក សូ សារិនអ្នកនាំពាក្យសាលាដំបូង ខេត្តកណ្ដាលបានបញ្ជាក់នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

ជនត្រូវចោទឈ្មោះ ធូក ចិន្តា ភេទស្រី អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលត្រូវបានពលរដ្ឋ១៨គ្រួសារប្ដឹងមកកាន់ក្រសួងមហាផ្ទៃពាក់ព័ន្ធករណីឆបោក
លុយពួកគាត់សរុបជិត២០ម៉ឺនដុល្លារ។

ប្រភពព័ត៌មានអះអាងថា ជននេះត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែធ្នូ។
មូលហេតុដែលឈានដល់ការឃាត់ខ្លួនស្ត្រីជាមន្ត្រីនគរបាលខាងលើនេះបន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំបឹងគ្រំ ស្រុកល្វាឯមខេត្តកណ្ដាលប្តឹងពីករណីឆបោកលុយ។ក្រោយមានចេតនាមិនសងលុយពួកគាត់ ពលរដ្ឋទាំងអស់ក៏ប្ដឹងមកកាន់ក្រសួងមហាផ្ទៃឱ្យជួយចំពោះករណីនេះហើយក៏ត្រូវអយ្យការសម្រេចចោទប្រកាន់៕សរន