ដោយៈ ម៉េងឆៃ /ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើនបានកើតឡើង ពិសេសដំណើរបំពេញបេសកកម្មនៅអឺរ៉ុបរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំអាស៊ាន-អឺរ៉ុប និងបំពេញទស្សនកិច្ច នៅប្រទេសបារាំង។

១- សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅដល់ប្រទេសបែលហ្ស៊កដោយសុវត្ថិភាព

កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានធ្វើដំណើរទៅដល់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក ដោយសុវត្ថិភាព ដើម្បីដឹកនាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ។ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីយប់ថ្ងៃទី១១ ខែធ្នូ។ នៅពេលទៅដល់ទឹកដីអឺរ៉ុបភ្លាម ក្រៅពីកម្មវីធីដែលបានគ្រោងទុក សម្តេចក៏បានជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋខ្មែរស់ នៅបែលហ្ស៉ិក និងនៅតំបន់អឺរ៉ុប មុននឹងសម្តេច ធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំ និងបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ។

២- សម្តេចតេជោ ហ៊ុន សែន៖ វត្តមានរបស់សម្តេចនៅអឺរ៉ុប ពេលនេះ ជាការធ្វើដំណើរទៅវាយដល់ផ្ទះក្រុមប្រឆំាង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ បានធ្វើដំណើរទៅដល់ប្រទេសបារំាង ដោយសុវត្ថិហើយ ដើម្បីចូលរួមសន្និសីទ គាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងចូលរួមកម្មវិធីសំខាន់ៗមួយចំនួនទៀត ជាមួយប្រធានាធិបតីបារំាង។ មុនធ្វើដំណើរទៅដល់បារំាង ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលខ្មែរជិត ២ពាន់នាក់ នៅទ្វីបអឺរ៉ុប ដែលរៀបចំធ្វើ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក សម្តេច ហ៊ុន សែន អះអាងថា វត្តមានរបស់សម្តេចនៅអឺរ៉ុប ជាពិសេសនៅប្រទេសបារំាង ជាការធ្វើដំណើរទៅវាយដល់ផ្ទះក្រុមប្រឆំាង ដែលទំនងសម្តេច ហ៊ុន សែន ចង់សំដៅដល់លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង។

៣- សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យតាមចាប់មេខ្លោងជួញដូរគ្រឿងញៀនជិតមួយតោននៅខេត្តព្រះសីហនុ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា នាពេលថ្មីៗនេះ មានករណីគ្រឿងញៀនមួយដ៏ធំ នៅក្នុងខេត្តព្រះសីហនុ ដែលសមត្ថកិច្ចបានបង្ក្រាប រហូតទៅដល់ ៨០០គីឡូក្រាម។ សម្តេចក្រឡាហោម បានបន្តថា បើមិនបានចាប់ឧក្រិដ្ឋជនមេខ្លោង ឬអ្នកជួញដូរគ្រឿងញៀននោះ មកដាក់ទោស នោះបេសកកម្មរបស់យើង មិនទាន់ចប់និងមិនទាន់ជោគជ័យដែរ។ដូច្នេះត្រូវតែតាមចាប់មេខ្លោងជួញដូរគ្រឿងញៀននោះ ឱ្យបាន។

៤- ក្រសួងណែនំាឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុ ចាប់ផ្តើមចុះត្រជាក់

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់ខ្លះ ក្នុងប្រទេសកម្ពុជាយើង នឹងអាចចុះត្រជាក់ ពិសេសនៅបណ្តាខេត្តមួយចំនួន ដូចជា៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប ខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចចុះត្រជាក់ ក្នុងរង្វង់ពី១៦-១៩ អង្សាសេ ។ ក្រសួងធនធាន និងឧតុនិយម ក៏បានណែនំាឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចាប់ផ្តើមចុះត្រជាក់នេះ។

៥-កម្ពុជាអបអរសាទរខួប៣០ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក
របស់អង្គការយូណេស្កូ

នៅថ្ងៃទី១៤ ខែធ្នូ គឺជាខួបលើកទី ៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ថ្ងៃ១៤ធ្នូ ឆ្នាំ១៩៩២-ថ្ងៃ១៤ធ្នូ ឆ្នាំ២០២២។ ដើម្បីអបអរខួប ៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធព្រឹត្តិការណ៍រំលឹកគុណអង្គរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។ ពិធីនេះ អនុញ្ញាតអោយសាធារណៈជន ចូលទស្សនា ដោយពុំមានបង់ប្រាក់ឡើយ។

៦- សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរកម្ពុជា គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់បារាំង ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន តាមរយៈការចរចា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ក្នុងសន្និសីទអន្តរជាតិ ស្តីពី អ៊ុយក្រែន នៅក្នុងទីក្រុងប៉ារីស កាលពីយប់ថ្ងៃទី១៣ ខែធ្នូ បានបញ្ជាក់សាជាថ្មីនូវជំហរកម្ពុជា គឺប្រឆាំងនឹងការរំលោភបំពានពីប្រទេសមួយ ទៅលើបូរណភាពទឹកដីរបស់ប្រទេសមួយផ្សេងទៀត។ សម្តេច បានប្រកាសគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន តាមរយៈការចរចា។

៧- អឺរ៉ុប ចង់ឱ្យអាស៊ាន មានជំហររួមមួយ ដាក់សម្ពាធទណ្ឌកម្មបន្ថែមលើរុស្ស៊ី

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំជំនួបកំពូលសហភាពអឺរ៉ុប-អាស៊ាន នៅក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៤ ខែធ្នូ។ តាមរយៈជំនួបលើកនេះ អឺរ៉ុប និងអាស៊ាន មានរឿងច្រើនណាស់ ដែលត្រូវជជែកពិភាក្សាគ្នា។ ក្នុងនោះ រឿងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ក៏មិនអាចផាត់ចេញបានដែរ ពីជំនួបកំពូលលើកនេះ។ តាមរយៈជំនួប សហភាពអឺរ៉ុប-អាស៊ាន លើកនេះ អឺរ៉ុបនៅតែបន្តចង់ឃើញអាស៊ាន មានជំហររួមមួយ ដាក់សម្ពាធទណ្ឌកម្មបន្ថែមលើរុស្ស៊ី។

៨- ខេត្តត្បូងឃ្មុំត្រូវបានប្រកាសជាខេត្តអស់មីនទី៦ នៅកម្ពុជា

ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសជាខេត្តអស់មីនទី៦ នៅទូទាំងប្រទេសកម្ពុជា។ មេបញ្ជាការកងទ័ពជើងគោក បានចាត់ទុកថា ការប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ពិតជាមានអត្ថន័យយ៉ាងធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា ដោយហេតុថា ខេត្តត្បូងឃ្មុំ គឺជាខេត្ត ដែលមានអតីតកាលនៃការប្រយុទ្ធគ្នា និងសោកនាដកម្មនៃការស្លាប់ របួស និងពិការដោយសារសង្គ្រាម។

៩-សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរ មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពបន្ទាប់ពីបញ្ចប់បេសកកម្មការងារ នៅអឺរ៉ុប ដោយជោគជ័យ

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញធ្វើដំណើរ មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព បន្ទាប់ពីសម្តេច បញ្ចប់បេសកកម្មការងារ នៅសហភាពអឺរ៉ុប ដោយជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានផ្តល់វិភាគទានជាច្រើន រួមចំណែកដល់ការកសាងសន្តិភាពតំបន់។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញភាពក្លាហានរបស់កម្ពុជាគោរពច្បាប់អន្តរជាតិ ប្រឆំាងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន និងរួមចំណែកជាមួយមេដឹកនាំពិភពលោកផ្សេងទៀត អំពាវនាវអោយមានបទឈប់បាញ់ និងចរចា រកដំណោះស្រោយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផងដែរ។

១០-៥ ខេត្ត ជាប់ព្រំដែនថៃអាចចុះត្រជាក់ដល់ ១៥អង្សា ចាប់ពីថ្ងៃទី១៨-២០ធ្នូ

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ស្ថានភាពអាកាសធាតុ នៅតាមបណ្ដាខេត្តយ៉ាងហោចណាស់ ៥ខេត្ត នៅតំបន់ភ្នំ និងខ្ពង់រាបភាគឦសាន ដែលស្ថិតនៅជាប់ព្រំដែនថៃ អាចនឹងចុះត្រជាក់ ចន្លោះពី ១៥ ទៅ ១៨អង្សា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូខាងមុខនេះ។ ខេត្ត ដែលអាចចុះត្រជាក់ រហូតដល់ ១៥អង្សា រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន។ ចំណែកខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង អាចនឹងធ្លាក់ចុះ ក្នុងរង្វង់ពី ១៧ ដល់ ១៨ អង្សា។ ចំពោះរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២០ អង្សា។

១១-កម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលផ្តល់ជូនអ្នកដោះមីនអ៊ុយក្រែន ១៥នាក់ នៅរាជធានីភ្នំពេញ ក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខ

ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម អូឡាហ្វ ឆុលស៍ អធិការបតីសហព័ន្ធអាល្លឺម៉ង់។ ក្រៅពីលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកឡើងពីបញ្ហាសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន ផងដែរ។ ក្រសួងការបរទេស ប្រកាសថា សម្តេចតេជោនាយករដ្ឋមន្ត្រី មានជំនឿថា អាល្លឺម៉ង់ មានតួនាទីសំខាន់ ក្នុងការនាំមកនូវដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន។ ជាងនេះទៅទៀត សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងឡាយ នឹងចៀសវាងពីសកម្មភាពនានា ដែលអាចបង្កើនអំពើហិង្សាថែមទៀត ហើយនឹងមានការបង្កើតបរិយាកាសមួយ ដែលអំណោយផល សម្រាប់ផ្តល់ជំនួយមនុស្សធម៌ ជូនអ្នក ដែលត្រូវការបំផុត។ សម្តេចតេជោ ក៏បានជម្រាបជូនឯកឧត្តមអធិការបតីផងដែរថា កម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលផ្តល់ជូនអ្នកដោះមីនអ៊ុយក្រែនចំនួន ១៥នាក់ នៅរាជធានីភ្នំពេញ នៅក្នុងខែមករា ឆ្នាំ២០២៣ខាងមុខហើយកម្ពុជានឹងបញ្ជូនក្រុមជំនាញការដោះមីនទៅរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកដោះមីនអ៊ុយក្រែនបន្ថែមទៀត នៅប៉ូឡូញ នៅក្នុងខែមេសា ឆ្នាំ២០២៣ ដោយមានការគាំទ្រពីប្រទេសជប៉ុន។

១២-ក្រុមមេធាវីរាជរដ្ឋាភិបាល ពន្យល់ពីអាណត្តិប្រធាន «អាស៊ាន» តបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី

នៅថ្ងៃទី១៦ខែធ្នូនេះក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ពន្យល់អំពីអាណត្តិរបស់ប្រធានអាស៊ាន។ នេះជាការឆ្លើយបំភ្លឺតាមធម្មនុញ្ញអាស៊ាន ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី។ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ទង្វើរបស់ទណ្ឌិត សម រង្ស៉ី ដែលមានសញ្ជាតិបារាំង មិនត្រឹមតែឆ្លុះបញ្ចាំងនូវភាពល្ងិតល្ងង់ហួសប្រមាណទេ តែជាការបន្តចរិតមារយាទបំភាន់នូវសច្ចភាព និងជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង។ លោក ម៉ាក្រុង ដែលបានទទួលជួបសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេច នៅប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុមមេធាវីរាជរដ្ឋាភិបាល បានលើកឡើងថា យោងតាមធម្មនុញ្ញអាស៊ាន ឋានៈជាប្រធានអាស៊ាន ត្រូវប្តូរវេន ជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះ ជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក ក្នុងរយៈពេលពេញមួយឆ្នាំប្រតិទិន «ពោលគឺចាប់ផ្តើមពីថ្ងៃទី០១ ខែមករា នៃឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែលនោះ៕