ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ប្រើសស្បូវ មានឈ្មោះជាភាសាអង់គ្លេសថា Sambar និងមានឈ្មោះតាមវិទ្យាសាស្ត្រ Rusa unicolor ហើយជាសត្វចូលចិត្តរស់នៅ តាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងរួមទាំងព្រៃល្បោះ ផងដែរ។
ប្រើសស្បូវ ជាថនិកសត្វ តិណាសី ស្ថិតក្នុងត្រកូលប្រើសដែលមានមាឌធំជាងគេ។ លើដងខ្លួន មានរោមពណ៌ប្រផេះ ស្ទើរក្រម៉ៅ និងនៅលើ ក មានរោមញឹកវែង សណ្ឋានជាប្រែង។ វារកស៊ីនៅពេលព្រលប់ និងពេលព្រលឹម ហើយសំរាក នៅពេលថ្ងៃ តាមព្រៃក្រាស់ៗ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា៖ ប្រើសស្បូវ រស់នៅតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង រួមទាំងព្រៃល្បោះ។ ប្រើសស្បូវ ចូលចិត្តស៊ីដីច្រាប ជាពិសេស ប្រើសឈ្មោល ដែលកំពុងលូតលាស់ស្នែង ហើយមានជារៀងរាល់ឆ្នាំ រដូវកាច់ស្តែង នៅអំឡុងខែកក្កដា-កញ្ញា។
សត្វព្រៃ ប្រភេទនេះ មានវត្តមាន នៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ប្រើសស្បូវ ជាប្រភេទសត្វ មានដោយបង្គួរ នៅកម្ពុជា និងត្រូវបានចុះ ក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់ (VU)៕/V