ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំជាមួយមេៗទ័ពរបស់លោកនៅចំថ្ងៃដែលកងកម្លាំងរុស្ស៊ីបាញ់កាំជ្រួចមួយប្រាវទៀតទៅលើបណ្តាទីក្រុងអ៊ុយក្រែន។កាលពីថ្ងៃសុក្រលោកពូទីន បានចំណាយពេលច្រើនម៉ោងនៅបញ្ជាដ្ឋានរបស់«ប្រតិបត្តិការយោធាពិសេស»ដើម្បីពិភាក្សាអំពីវិធានការត្រូវអនុវត្តបន្ទាប់។
វាបានកើតឡើងនៅពេលមន្ត្រីយោធាអ៊ុយក្រែនខ្លះបានអះអាងថា រុស្ស៊ីមានផែនការវាយប្រហារធំមួយ ប្រហែលជានៅដើមឆ្នាំក្រោយ។
ការវាយប្រហាររបស់រុស្ស៊ីមួយប្រាវទៀតលើបណ្តាញចែកចាញចរន្តអគ្គិសនីអ៊ុយក្រែននាំអោយប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនីប្រើ។
រូបភាពចេញពីកិច្ចប្រជុំកាលពីថ្ងៃសុក្របានបង្ហាញលោកពូទីនអមដោយរដ្ឋមន្ត្រីការពារជាតិ សឺហ្គេ សយហ្គូ និងប្រមុខកងកម្លាំងប្រដាប់អាវុធ វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ(Valeriy Gerasimov)។
រដ្ឋមន្ត្រីការពារជាតិ សឺហ្គេ សយហ្គូ និងប្រមុខកងកម្លាំងប្រដាប់អាវុធ វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ មានវត្តមានក្នុងកិច្ចប្រជុំ
តាមកញ្ចក់ទូរទស្សន៍មេដឹកនាំវិមានក្រឹមឡាំងរូបនេះត្រូវបានគេឃើញនិយាយប្រាប់ពួកនាយទាហានរបស់លោកថា «យើងនឹងស្តាប់ពួកមេបញ្ជាតាមទិសប្រតិបត្តិការនីមួយៗ ហើយខ្ញុំចង់ស្តាប់សំណើរបស់អ្នកអំពីសកម្មភាពបន្ទាន់និងរយៈពេលមធ្យមរបស់យើង»។
វត្តមានរបស់លោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ បានបញ្ចប់ពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមដែលថា លោកត្រូវពូទីនបណ្តេញចេញពីតំណែង។
ឧត្តមសេនីយ៍កងទ័ពអាកាស លោកសឺហ្គេ ស៊ូរ៉ូវីគីន(Sergei Surovikin)ដែលត្រូវបានតែងតាំងជាមេបញ្ជាការរុស្ស៊ីប្រចាំអ៊ុយក្រែនកាលពីខែតុលា ក៏មានវត្តមាននៅកិច្ចប្រជុំ។
សូមបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្តើមយកទឹកដីមកវិញជាបន្តបន្ទាប់នៅប៉ុន្មានខែចុងក្រោយនេះ រួមទាំងទីក្រុងឃើសុន ដែលជាទីក្រុងធំតែមួយគត់ដែលកងកម្លាំងរុស្ស៊ីបានវាយកាន់កាប់តាំងពីដើមនៃប្រតិបត្តិការយោធារបស់ខ្លួនចូលអ៊ុយក្រែនមក។ការបាត់បង់ទឹកដីដែលខ្លួនបានវាយកាន់កាប់ទៅវិញបង្កអោយមានការរិះគន់ពីក្រុមសារព័ត៌មានគាំទ្រវិមានក្រឹមឡាំង។
កិច្ចប្រជុំនេះកើតឡើងចំពេលមេបញ្ជាការយោធាអ៊ុយក្រែន ឧត្តមសេនីយ៍ វ៉ាឡេរី ហ្សាលូហ្ស៍ន្យី(Valerii Zaluzhnyi)បានអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូអាចប៉ុនប៉ងបើកការវាយប្រហារថ្មីមួយនៅដើមឆ្នាំ២០២៣។លោកបានព្រមានថា រុស្ស៊ីត្រៀមទាហានប្រមាណ២០០.០០០នាក់សំរាប់ការវាយប្រហារនេះ៕
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា ចរន្តអគ្គិសនីត្រូវបានស្តារឡើងវិញសំរាប់ប្រជាជនជិត៦លាននាក់ក្រោយការវាយប្រហាររបស់រុស្ស៊ីមួយលើកទៀត