ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅតំបន់ការពារទេសភាព អាងត្រពាំងថ្ម ក្នុងភូមិសាស្ត្រឃុំប៉ោយចារ និងឃុំពន្លៃ ស្រុកភ្នំស្រុក វត្តមានសត្វស្លាបចម្រុះ ពងកូន បានកើន ឯមច្ឆជាតិ ក៏សម្បូរ ប៉ុន្តែបទល្មើសនេសាទ ក៏កើតមានឡើងដែរ ។ នេះបើតាម លោក អាក់ ភារី ប្រធានទីស្នាក់ការ តំបន់ការពារទេសភាព អាងត្រពាំងថ្ម បានប្រាប់ រស្មីកម្ពុជា កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។
លោកបានបន្តថាៈ មកទល់ពាក់កណ្តាលខែធ្នូនេះ សត្វស្លាបគោក និងសត្វស្លាបទឹក ពងកូន នៅនឹងតំបន់អាងត្រពាំងថ្ម បានកើនឡើង។ សត្វស្លាបទាំងនោះ មានដូចជា ទុងប្រផេះ ក្អែកទឹក ចង្កៀលខ្យង ស្មោញ ទាកាប៉ាព្រៃក្បាលឆ្នូតស ឬទាក្រាប់ ទាកាប៉ាព្រៃ ទាកាបព្រៃ … ក្នុងចំណោមសត្ថស្លាប ចំនួន ១៨២ ប្រភេទ នៅតំបន់នេះ ។
លោក អាក់ ភារី បានបន្តថាៈ ប៉ុន្តែសត្វក្រៀល ក្បាលក្រហម ដែលជាសត្វកម្រ ជិតផុតពូជ និងមានតម្លៃបំផុត ទើបតែមានវត្តមាន ២ ក្បាលប៉ុណ្ណោះ ព្រោះសត្វនេះ មានសំបុក និងបានពងកូន នៅក្នុងព្រៃ ឯខេត្តព្រះវិហារ ហើយវានឹងចូលមក អាងត្រពាំងថ្ម នាពេលទឹកសម្រក នាខែកុម្ភៈតទៅ ។
ចំណែក សត្វម្រឹគវិញ មានវត្តមាន រមាំង ឈ្លូស និង ស្មាន (ឆ្កៃព្រៃរោមក្រាស់) នៅព្រៃសហគមន៍ កូនខ្លែង ក៏បានកើនឡើងដែរ ។
រីឯពពួកមច្ឆជាតិវិញ លោកបាននិយាយថាៈ ត្រីគ្រប់ប្រភេទបានសម្បូរ និងកើនឡើង លើសមុនៗ ។ នោះមកពីកត្តាអាកាសធាតុ និងរបបទឹក និងជាពិសេស បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញក្នុងទិវាមច្ឆជាតិ ១ កក្កដា ២០២២ បានលែងកូនត្រីដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងអាងត្រពាំងថ្ម ។
ចំពោះភស្តុតាង ដែលការពារសំអាងនេះ លោកបានអះអាងថាៈ ដោយសារការនេសាទ បានត្រីច្រើនៗ ហើយមានប្រភេទត្រីចម្រុះ ។
ពាក់ព័ន្ធនឹងករណីនេះដែរ លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានលើកឡើងថាៈ គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក នឹងដឹកនាំកម្លាំង ចុះតាមដាន បង្ការ ទប់ស្កាត់ បង្ក្រាប ដើម្បីការពារសត្វ និងមច្ឆជាតិ មិនឱ្យមានការលួចបរបាញ់ ឬដាក់អន្ទាក់ចាប់ បំពុល និងនេសាទខុសច្បាប់ឡើយ។
លោកអភិបាលស្រុកភ្នំស្រុក បានអះអាងថាៈ ” រដ្ឋបាលស្រុក នឹងធ្វើឱ្យនៅតំបន់អាង ត្រពាំងថ្មនេះ មានទឹក មានត្រី មានព្រៃ មានសត្វ និងបន្តខិតខំថែរក្សាឱ្យបានគង់វង្ស និងមានការអភិវឌ្ឍរីកចម្រើន តទៅមុខ “៕/V