ប្រែសម្រួលៈបំណង(ប៊ីប៊ីស៊ី)៖ ប៉ូលីសអាល្លឺម៉ង់ និយាយថា ខ្លួនបានរកឃើញគ្រឿងអលង្ការសម័យសតវត្សរ៍ទី១៨មួយចំនួនដែលត្រូវបានចោរលួចចេញពីសារមន្ទីរក្រុងដ្រេសដិន( Dresden )មួយកាលពីឆ្នាំ២០២៩។
ក្នុងចំណោមទ្រព្យសម្បត្តិដែលបាត់តំលៃ១១៩លានដុល្លារ អាជ្ញាធរកាលពីយប់ថ្ងៃសៅរ៍បានប្រគល់គ្រឿងអលង្ការ៣១មុខទៅអោយសារមន្ទីរហ្គ្រីន វ៉លធ៍( Green Vault)នៅក្រុងប៊ែរឡាំងដើម្បីរក្សាទុក។ទ្រព្យសម្បត្តិមានតំលៃទាំងនេះត្រូវបានរកឃើញក្រោយមានកិច្ចពិភាក្សាជាមួយមេធាវីរបស់បុរសប្រាំមួយនាក់ដែលកំពុងឡើងសវនាការអំពីចោរកម្មវត្ថុបុរាណនេះ។
ក្នុងចំណោមវត្ថុដែលត្រូវបានរកឃើញមកវិញរួមមានគ្រឿងអលង្ការដាំត្បូងរាងផ្កាយ។
បូដាំពេជ្យដ៏ធំមួយស្ថិតចំណោមវត្ថុដែលចោរលួចចេញពីសារមន្ទីរកាលពីឆ្នាំ២០១៩
ពួកចោរបានលួចគ្រឿងអលង្ការទាំងនេះចេញពីទ្រព្យបុរាណប្រមូលទុកដោយមេដឹកនាំនៃព្រះរាជាណាចក្រសាសូនី(Saxony)នៅឆ្នាំ១៧២៣។ពួកវាត្រូវបានរក្សាទុកក្នុងសារមន្ទីរក្រុងដ្រេសដិនរហូតដល់ពេលមានចោរប្លន់នៅឆ្នាំ២០១៩។
ពួកមន្ត្រីអាល្លឺម៉ង់ជឿថា ការលួចប្លន់នេះត្រូវបានរៀបចំទុកជាមុនយ៉ាងល្អនិងអនុវត្តដោយចោរអាជីព។មុនទម្លុះចូលក្នុងសារមន្ទីរ ពួកចោរបានដុតភ្លើងអោយឆេះបន្ទប់ភ្លើងដាច់ចរន្តអគ្គិសនីនៅតាមដងវិថីជុំវិញសារមន្ទីរ។មនុស្សពាក់ម៉ាស់មុខជាច្រើននាក់បានសំរុកចូលសាលតាំងវត្ថុបុរាណ មុនពេលវាយបំបែកកញ្ចក់ទូតាំងនិងយកគ្រឿងអលង្ការ។បន្ទាប់មកពួកគេបានភៀសខ្លួនតាមរថយន្តអូឌីមួយដែលក្រោយមកប៉ូលីសបានរកឃើញត្រូវគេដុតចោលនៅកន្លែងចតរថយន្តក្រោមដីមួយ។ប្រតិបត្តិការទាំងមូលចំណាយពេលត្រឹមតែជាងដប់នាទីប៉ុណ្ណោះ។
វត្ថុដែលរកឃើញមកវិញត្រូវបានអ្នកឯកទេសពិនិត្យដើម្បីបញ្ជាក់ថាវាជារបស់សុទ្ធ តែមិនមែនវត្ថុបាត់ទាំងអស់ត្រូវបានរកឃើញមកវិញទេ។ត្បូងមានតំលៃមួយគ្រាប់ឈ្មោះថា ត្បូងសដ្រេសដិន(Dresden White Diamond)នៅបាត់នៅឡើយ។
អាជ្ញាធរផ្តល់ព័ត៌មានតិចតួចអំពីថាតើវត្ថុបុរាណទាំងនេះត្រូវបានរកឃើញមកវិញដោយរបៀបណា នៅពេលសវនាការពួកចោរដែលបានចាប់ផ្តើមតាំងពីខែមករា នឹងត្រូវបន្តធ្វើនៅថ្ងៃអង្គារទី២០ធ្នូ៕