ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ (Southeast Asian Wrestling Championship) ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួត ៣ ថ្ងៃ ពីថ្ងៃទី១៦ ដល់១៨ ខែធ្នូ ឆ្នាំ២០២២។

កម្ពុជាដែលជាម្ចាស់ផ្ទះ ដណ្ដើមបានមេដាយសរុប ១៩គ្រឿង ខណៈវៀតណាម ឈរកំពូលតារាង ដណ្ដើមបានមេដាយសរុប ៣០ គ្រឿង។
ព្រឹត្តិការណ៍ប្រចាំតំបន់ នៅកម្ពុជានេះ គឺមានប្រតិភូ និងអត្តពលិកជិត ២០០ នាក់ ចូលរួម ក្នុងនោះ អត្តពលិកក្នុងតំបន់ ដែលចូលរួមប្រកួតមាន ៧ ប្រទេស គឺមានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី វៀតណាម ថៃ សិង្ហបុរី ឡាវ និងហ្វីលីពីន រួមជាមួយប្រតិភូ មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល- ចៅក្រម និងជំនាញការអន្ដរជាតិ មកពីប្រទេស ជាច្រើនទៀត។

តាមរយៈការប្រកួតដ៏ស្វិតស្វាញ រយៈពេល ៣ ថ្ងៃ លើវិញ្ញាសាធំៗ ចំនួន ៣ រួមមាន វិញ្ញាសាចំបាប់ក្រិចរ៉ូម៉ាំង និងវិញ្ញាចំបាប់សេរីបុរស-នារី ស្មើនឹងវិញ្ញាសាតូចៗ សរុប ៣០ ប្រភេទទម្ងន់ គឺអត្តពលិកដណ្ដើមបាន មេដាយច្រើនជាងគេ ៣០ គ្រឿង (មាស ១៨ ប្រាក់ ១១ និងសំរឹទ្ធ ១) ខណៈឥណ្ឌូណេស៊ី ឈរលេខ២ ឈ្នះមេដាយសរុប ១៨គ្រឿង (មាស ៦ ប្រាក់ ៩ និងសំរឹទ្ធ ៣)។ ឯម្ចាស់ផ្ទះកម្ពុជា ឈរលេខ៣ ឈ្នះមេដាយសរុប ១៩គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១៣)។ ហ្វីលីពីន ដណ្ដើមបានមេដាយមាស១ ប្រាក់៥ និងសំរឹទ្ធ៥ សរុប ១១ គ្រឿង ឈរចំណាត់ថ្នាក់លេខ៤ គ្រាដែលក្រុមអត្តពលិកចំបាប់ថៃ ឈរលេខ៥ ដណ្ដើមបានមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ៦ សរុប ៩គ្រឿង និងសិង្ហបុរី ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ២ សរុប ៣ គ្រឿង ឈរលេខ៦ ។ រីឯក្រុមអត្តពលិកចំបាប់ឡាវ ពុំទទួលបានមេដាយអ្វីនោះទេ។

ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះត្រូវបានចាត់ទុកជាការប្រកួត មុនព្រឹត្តិការណ៍ស៊ីហ្គេម ឬ Pre SEA Games ដើម្បីពង្រឹងសមត្ថភាពរបស់សហព័ន្ធ ក្នុងការត្រៀមទាំងមន្ដ្រីបច្ចេកទេស និងធនធាន កីឡាករ-កីឡាការិនី៕ V / N