ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន T.Y Media ដើម្បីអភិវឌ្ឍលើវិស័យកីឡាអេឡិចត្រូនិក នៅប្រទេសកម្ពុជា ឲ្យមានសក្តានុពលកាន់តែខ្លាំង ក្នុងកម្រិតជាតិ កម្រិតតំបន់ និងជាពិសេស សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងលោក ធី វ៉ាយ អគ្គនាយកក្រុមហ៊ុន T.Y Media។

លោក ធី វ៉ាយ បាននិយាយថាៈ ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ នឹងជួយក្នុងការរៀបចំ ការប្រកួតកីឡាអេឡិចត្រូនិកគ្រប់វិញ្ញាសាទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ព្រមទាំងរៀបចំកន្លែងបណ្តុះ បណ្តាលកីឡាករ កីឡាការិនី កីឡាអេឡិចត្រូនិក ថែមទៀតផង។ ក្រុមហ៊ុន គ្រោងនឹងសហការជាមួយសហព័ន្ធ រៀបចំការបណ្តុះបណ្តាលកីឡាករ កីឡាការិនីជម្រើសជាតិយើង ដោយប្រើកម្មវិធី System Training Sibo ពីអន្តរជាតិ ឲ្យមានសមត្ថភាពកាន់តែខ្លាំង ក្នុងការចូលរួមប្រកួត លើឆាកអន្តរជាតិ ដើម្បីដណ្តើមមេដាយ ជូនជាតិមាតុភូមិ។

ក្រុមហ៊ុន សន្យាក្នុងការព្យាយាមស្វែងដៃគូសហការ (Sponsor) បន្ថែមទៀត សម្រាប់ជួយគាំទ្រដល់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីឲ្យមានការប្រកួត កាន់តែច្រើនសម្រាប់ប្អូនៗកីឡាករ-កីឡាការិនី ទទួលបាន ភាពសប្បាយរីករាយផង និងបង្កើនសមត្ថភាពផង។

លោក ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ថាៈលោកពិតជាមានសេចក្តីរំភើប រីករាយក្រៃលែង និងសូមថ្លែងអំណរអរគុណ យ៉ាងធំធេងបំផុត ចំពោះក្រុមហ៊ុន T.Y Media ក្នុងការសហការ និងបង្កើនការអភិវឌ្ឍ លើវិស័យកីឡាអេឡិចត្រូនិក នៅប្រទេសកម្ពុជា ឲ្យមានសក្តានុពល កាន់តែខ្លាំង ក្នុងកម្រិតជាតិ កម្រិតតំបន់ និងជាពិសេស ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕ V / N