ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Soccer League បានចាប់ផ្ដើមវិញហើយ នៅឆ្នាំ២០២៣ ខាងមុខនេះ ដែលនេះជាការប្រកួតលើកទី៦ ដែលមានក្រុមចូលរួមចំនួន ៧៤ ឯណោះ។

ព្រឹត្តិការណ៍ ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជានេះ បានផ្អាកការប្រកួតរយៈពេល ៣ឆ្នាំ ដោយសារតែការរំខាននៃកូវីដ១៩។ ថ្ងៃទី១៨ ធ្នូ ម្សិលមិញនេះគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ Soccer League រដូវកាល ២០២៣ បានរៀបចំសិក្ខាសាលា ស្តីពីបទបញ្ជាការប្រកួត ច្បាប់ល្បែង និងការចុះបញ្ជីកីឡាករតាមប្រព័ន្ធ FIFA Connect ។

លោក ខៀវ ភារិទ្ធ ប្រធានប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ Soccer League រដូវកាល ២០២៣ បានលើកឡើងថាៈ ការប្រកួតឆ្នាំ២០២៣នេះ មានក្រុមចូលរួមរហូតដល់ ៧៤ក្រុម ក្រោយខកខានរយៈពេល ៣ឆ្នាំ ក្នុងវិបត្តិជំងឺកូវីដ-១៩។

លោកបានបន្ដថាៈ យើងទាំងអស់គ្នា មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ មិនមែនដើម្បីឈ្នះ-ចាញ់នោះទេ ប៉ុន្តែជាការចូលរួមប្រកួត ក្នុងការស្មារតី រិតចំណងសាមគ្គីភាព សុខភាព និងចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមក ខណៈក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏កំពុងខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួល ជាពិសេសមន្ត្រីបច្ចេកទេស ត្រូវបានជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឱ្យការប្រកួតទាំងមូល ដំណើរការដោយរលូនប្រកបដោយយុត្តិធម៌ និងជោគជ័យ។

លោកបានសំណូមពរឲ្យប្រតិភូកីឡាករទាំង ៧៤ ក្រុម ដែលត្រៀមចូលរួមប្រកួត Soccer League រដូវកាលថ្មីនេះ សូមរក្សាឱ្យបាននូវក្រមសីលធម៌ ការអត់ធ្មត់ខ្ពស់ ដើម្បីរក្សាស្មារតីសាមគ្គីភាព ចំណងមិត្តភាព ដែលព្រឹត្តិការណ៍នេះ ជាការផ្តល់ឱកាស ជូនដល់យុវជន បានបញ្ចេញទេពកោលសល្យ លើទីលានប្រកួតលេងកីឡា ដើម្បីសុខភាពល្អ ដើម្បីគោលដៅរួមគ្នា ក្នុងការលើកកម្ពស់ ដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យកាន់តែមានសកម្មភាពផុសផុលខ្លាំងឡើងបន្ថែមទៀត។

ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមការប្រកួត ពីថ្ងៃទី ៧ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ប៉ុន្ដែអ្វីដែលពិសេស គឺរដូវកាលថ្មីនេះ ក្រៅពីការប្រកួតបាល់ទាត់បុរស គណៈកម្មការ ក៏បានរៀបចំឱ្យមានការប្រកួតបាល់ទាត់នារីទៀតផង។

សម្រាប់ប្រាក់រង្វាន់ជ័យលាភី ផ្នែកបាល់ទាត់បុរស លេខ១ ទទួលបានពាន អមប្រាក់រង្វាន់ ២៥លានរៀល, លេខ២ ទទួលបាន ១០លានរៀល និងលេខ៣ ទទួលបាន ៥លានរៀល។ រីឯផ្នែកបាល់ទាត់នារី លេខ១ នឹងទទួលបានពាន អមប្រាក់រង្វាន់ ១០លានរៀល, លេខ២ ទទួលបាន ៥លានរៀល និងលេខ៣ ទទួលបាន ៣លានរៀល៕ V / N