ដោយ: បូកគោ /កំពតៈ ពេញមួយថ្ងៃ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ស្រុកក្រុងចំនួនបីក្នុងខេត្តកំពត បានទទួលរងនូវឥទ្ធិពលខ្យល់កន្ត្រាក់ បណ្តាលឲ្យសាលារៀន កុដិព្រះសង្ឃ ទ្រព្យសម្បត្តិ និងលំនៅស្ថានប្រជាពលរដ្ឋ សាលារៀន រាប់ពាន់ខ្នង រងការខូចខាត។

តាមរបាយការណ៍បឋម ដែលទទួលបានពីគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា សាខាខេត្តកំពត កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថាៈ ដោយសារឥទ្ធិពលនៃខ្យល់កន្ត្រាក់ ដែលបានកើតឡើងពេញមួយ ថ្ងៃទី១៨ ខែធ្នូនេះ បានបង្កឲ្យលំនៅស្ថានប្រជាពលរដ្ឋ សាលារៀន កុដិព្រះសង្ឃ ក្នុងស្រុកក្រុងចំនួនបី រងការខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុងនោះ ក្រុងបូកគោ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន១.១៦៧ខ្នង ដោយខូចខាតធ្ងន់ធ្ងរ ៤ខ្នង ខូចខាតមធ្យម ២៩៧ ខ្នង និងប៉ះពាល់បន្តិចបន្តួច ចំនួន៨៤០ខ្នង។ ជាមួយនេះ ក៏មានការខូចខាតសាលាចំនួន ៩ខ្នង កុដិព្រះសង្ឃមួយខ្នង និងលិចទូកនេសាទចំនួនបួនគ្រឿងផងដែរ។ ស្រុកបន្ទាយមាស មានការប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៥៨ខ្នង ពោលគឺ ខូចខាតកម្រិតធ្ងន់ចំនួនបីខ្នង។ ស្រុកកំពង់ត្រាច រងការខូចខាតផ្ទះប្រជាពលរដ្ឋកម្រិតធ្ងន់ មធ្យម និងស្រាលចំនួនប្រាំបីខ្នង៕ V / N